(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ ទាំង​៩ក្រុម។

ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវ ចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញ ដែលមានក្រុមការងារប្រតិបត្តិទាំង​ ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាង់សង់ «បង្គោលអង់តែនរួម» ៧៤បង្គោល ដែល «បង្គោលអង់តែនរួម» នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន ៣ក្រុមហ៊ុន។

ស្ថានីយអង់តែនចំនួន១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការបានគ្រោងទុក។

ជាមួយគ្នានេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានសាងសង់បន្ថែម «បង្គោលអង់តែនរួម» ២៩៨ បង្គោល ដែលស្ថានីយអង់តែនចំនួន៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ បន្តពង្រឹងគុណភាពសេវា ក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករណាមួយ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី​ និងទីតាំងអគារខ្ពស់ៗ​ ក្នុងការជំរុញគុណភាពសេវា។

ជាមួយគ្នានេះដែរ ក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗ ក្នុងរាជធានីភ្នំពេញ ត្រូវបន្តសម្របសម្រួលការចុះសម្ភាសន៍តាមតំបន់ ក្នុងការសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយ ឱ្យបានទាន់ពេលវេលាផងដែរ។

សូមជម្រាបជូនថា បច្ចុប្បន្ន លោករដ្ឋមន្ត្រី បានបន្ថែមសមាសភាពក្រុមការងារប្រតិបត្តិរហូតដល់ ៩ក្រុម ដើម្បីជួយពន្លឿនក្នុងការលើកកម្ពស់គុណភាព សេវាទូរគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង និងជំរុញការអនុវត្តផែនការសកម្មភាព លើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងបុរី អគារ ខុនដូ-អាផាតមិន អគារខ្ពស់ អគារពាណិជ្ជកម្ម ផ្សារទំនើប និងទីតាំងផ្សេងទៀតតាមការចាំបាច់ នៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ៕