(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការចូលចតនាវាចិន២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា និងតេស្តកំពង់ផែដែលចិនជួយកសាងប៉ុណ្ណោះ មិនមែនជាការតាំងមូលដ្ឋានទ័ពដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយចុះផ្សាយនោះទេ។

ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី និងសារព័ត៌មានបរទេសមួយចំនួន វាយប្រហារចំពោះការចូលចតនាវារបស់ចិន នៅមូលដ្ឋានរាមកងទ័ពជើងទឹករបស់កម្ពុជា ដោយចោទប្រកាន់ថា ជាការតាំងមូលដ្ឋានទ័ពចិនក្នុងប្រទេសកម្ពុជា ហើយថាកម្ពុជាជាមូលដ្ឋានកងទ័ពក្រៅប្រទេសរបស់ចិនទី២ នៅលើពិភពលោក។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថា ការផ្សព្វផ្សាយរបស់វិទ្យុបរទេស និងសារព័ត៌មានបរទេសទាំងនោះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»

លោកបានលើកឡើងដូច្នេះថា៖ «វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ»

រាជរដ្ឋាភិបាលកម្ពុជា ទាំងអំឡុងពេលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត។

កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិតក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនដែរ ហើយរដ្ឋាភិបាលមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ។ សម្តេចបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល មិនឱ្យប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏មិនឱ្យនោះដែរ។

ជាមួយនឹងការចេញមកបញ្ជាក់រឿងនេះ អ្នកនាំពាក្យក្រសួងការពារជាតិ សង្ឃឹមថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត។

កាលពីខែមេសា កន្លងទៅ តាមរយៈសារព័ត៌មានបរទេសមួយចំនួន ក៏មានចោទប្រកាន់គម្រោងព្រែកហ្វូណនតេជោថា នឹងផ្តល់ឱកាសឱ្យមានវត្តមានកងទ័ពចិននៅកម្ពុជាដែរ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប៦ចំណុចផងដែរ៕