(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការឃុំខ្លួន ជនត្រូវចោទឈ្មោះ ស៊ាង អូន និងឈ្មោះ ប៊ី ពិសិដ្ឋ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ ឡេង ចាន់ណា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ២នាក់បន្ថែមទៀត ដែលជាមេក្រុមនៅក្នុងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក មានឈ្មោះ ស៊ាង អូន ភេទប្រុស កើតឆ្នាំ១៩៨៨ និងឈ្មោះ ប៊ី ពិសិដ្ឋ ភេទប្រុស កើតឆ្នាំ១៩៨៦ ទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។

ការឃុំខ្លួនជនត្រូវចោទទាំង២នាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង និងសួរចម្លើយជនត្រូវចោទឃើញថាជនត្រូវចោទទាំង ២នាក់ មានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនថាសាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់៕