(ហ្សាការតា)៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Tiffany McDonald ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ជាពិសេស តាមដានលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅនៅប្រទេសអូស្ត្រាលី កាលពីខែមីនា កន្លងទៅ រួមទាំងការតាំងពិព័រណ៌រូបថតអាស៊ាន-អូស្ត្រាលី នៅលេខាធិការដ្ឋានអាស៊ាន និងកិច្ចការផ្សេងៗទៀត។

នៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Georgina Roberts ប្រធានផ្នែកតំបន់អាស៊ីនៃក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសនូវែលសេឡង់។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់ និងបានរិះរកវិធីដើម្បីជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ស្របពេលខួបអនុស្សាវរីយ៍លើកទី ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ នឹងឈានមកដល់នៅឆ្នាំ២០២៥ ខាងមុខ។

បន្ថែពីនេះនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Dato’ Nur Izzah Wong Mee Choo តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំសម្រាប់ទស្សនកិច្ចការងាររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន ទៅប្រទេសម៉ាឡេស៊ី នៅឆ្នាំនេះ ដើម្បីត្រៀមសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥៕