(ភ្នំពេញ)៖ អនុប្រធានរងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)បាន​បញ្ជាក់ជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ​ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក ​ដូណាល់ ប្រោន (Donal Brown) អនុប្រធានរង ​IFAD បានជំហរ បែបនេះ ធ្វើឡើងក្នុងជំនួបជាមួយ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ​ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD។

ក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកដូណាល់ ប្រោន និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFAD ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ចាប់ពីឆ្នាំ ១៩៩៣ រហូតមក​ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ។ ​

​ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ​បានធ្វើការកត់សម្គាល់អំពីការកើនឡើងខ្លាំងនៃទំហំហិរញ្ញទានសហប្រតិបត្តិការ ដែលកាលពីឆ្នាំ ២០១៣-២០១៨ មានត្រឹមប្រមាណ ៩៧ លានដុល្លារអាម៉េរិក និងបានកើន រហូតដល់ប្រមាណ ៥៩៣ លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២២-២០២៧ ។ ការណ៍នេះបង្ហាញនូវទំនាក់ទំនងដ៏ល្អ និងរឹងមាំ ព្រមទាំងមានលក្ខណៈជាយុទ្ធសាស្រ្ត រវាងព្រះរាជាណាចក្រកម្ពុជា និង IFAD។

​លោក ដូណាល់ ប្រោន បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងរហ័សលើគ្រប់វិស័យ ។ លោកថែមទាំងបានគូសបញ្ជាក់ឡើងវិញ អំពីជំហរច្បាស់លាស់របស់ IFAD ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តគាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះ​លោកបានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងផ្តល់កិច្ចសហការជិតស្និទ្ធ ក្នុងការសម្រប​សម្រួលការដឹកនាំការគ្រប់គ្រងគម្រោងនានា ក្រោមហិរញ្ញប្បទានពី IFAD នៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យ ជាច្រើន នាពេលកន្លងមក។

​អគ្គបណ្ឌិតសភាចារ្យ ​បានថ្លែងអំណរគុណ IFAD ចំពោះជំហរបន្តគាំទ្រ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល​ ជាពិសេស ក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងនៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី ១ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា​៕