(កំពត)៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានការណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូមួយគ្រឿងស្លាប់ អ្នកជិះម៉ូតូ៣នាក់ យ៉ាងអាណោចអាធ័ម នៅម៉ោង៣៖៥០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិ លេខ៣១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រាច បានប្រាប់ឲ្យដឹងថា អ្នករងគ្រោះជិះម៉ូតូទាំង៣នាក់ សុទ្ធតែស្រីមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ក្នុងនោះក្មេងស្រីអាយុ១ឆ្នាំម្នាក់។

ម៉ូតូជនរងគ្រោះ ម៉ាក Dream C125 ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-4710 រីឯរថយន្តបង្កម៉ាកតូយ៉ូតា ពាក់ស្លាកលេខ ភ្នំពេញ 2AE-2951 ខណៈអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែង កើតហេតុ។

មន្ត្រីនគរបាលដដែលបានបន្តថា រថយន្តបង្កបើកបរក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាស់ទិសគ្នា លុះមកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូចំពេញទំហឹង អូសជាច្រើនម៉ែត្រ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បាននិងកំពុងវាស់វែង ធ្វើកោសល្យវិច្ច័យ។

ដោយឡែកនៅខេត្តកែបវិញ នៅម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣៣ ចំណុចខាងលិចក្លោងទ្វាវត្តភ្នំព្រូស ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

មន្ត្រីនគរបាលចរាចរណ៍ក្រុងកែប បានឲ្យដឹងថា ម៉ូតូម្ខាងម៉ាក Dream C125 ផលិតឆ្នាំ 2010 ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប 1A-2315 បើកបរដោយឈ្មោះ ឃុត ប៊ុននី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ សង្កាត់ កើតហេតុខាងលើ (រងរបួសធ្ងន់)។

រីឯម៉ូតូម្ខាងទៀត ម៉ាក Dream C125 ផលិតឆ្នាំ2016 ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយ ឈ្មោះ ពន់់ លីកូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានស្លាប់។

មន្ត្រីនគរបាលដដែលឲ្យដឹងទៀតថា ម៉ូតូទាំងសងខាង បើកបរក្នុងទិសដៅបញ្ជ្រាស់គ្នាពីលិចទៅកើត ដោយម៉ូតូជនរងគ្រោះ ឈ្មោះ ពន់ លីកូ បើកពីលិចទៅកើត លុះដល់កន្លែងកើតហេតុចៃដន្យ ក៏បានបុកគ្នាចំពេញទំហឹង។

ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង ចុះទៅវាស់វែងរកខុសត្រូវ ដើម្បីដោះស្រាយគ្នាតាមច្បាប់៕