(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ម្តងទៀតថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ មិនមានករណីមេរោគ Zika ណាមួយបានមកដល់ប្រទេសកម្ពុជានោះទេ ខណៈដែលនៅលើបណ្តាញសង្គម Facebook មានការបំផុសតៗគ្នាថា មានករណីយុវតីខ្មែរម្នាក់បានស្លាប់ដោយ សារជំងឺ Zika នៅក្នុងប្រទេសកម្ពុជា។

លោក លី សូវ៉ាន់ បានចាត់ទុកថា ការបំផុសព័ត៌មានបែបនេះ គឺជាការភូតកុហក ហើយក្នុងន័យបង្កចលាចល នៅក្នុងប្រទេសកម្ពុជា។ លោកថាបន្ទាប់ពីទទួលបានព័ត៌មាននោះ ក្រសួងសុខាភិបាល បានឆែកនៅតាមមន្ទីរពេទ្យ តាមតម្រុយដែលប្រភពនៅលើ Facebook អះអាង ប៉ុន្តែការពិតមិនមានករណីនេះកើតឡើងទេ។

លោក លី សូវ៉ាន់ បានលើកឡើងថា «ដូចជាករណី អេបូឡាអញ្ចឹងដែរ គឺពេលដែលយើងកំពុងព្រួយបារម្ភអញ្ចឹងទៅ វាក៏បានបង្កើតរឿងធ្វើឱ្យចលាចល ប៉ុន្តែតាមពិតអត់មានរឿងនេះកើតឡើងទេ ហើយខ្ញុំក៏បានឆែកនៅលើ Page ហ្នឹងដែរ ក៏អត់មានឃើញសកម្មភាពអ្វី ឃើញថាអត់ដែលបានបង្ហោះអ្វីតាំងពីថ្ងៃទី២០ ខែកក្កដាមកម្ល៉េះ ប្រហែលជាមានអ្នក Hack ទំព័ររបស់គាត់។ ពេលនេះទំនងលុបចោលហើយ ព្រោះខ្ញុំឆែកទៀតអត់ឃើញ»

លោកថានៅកម្ពុជាមានតែមន្ទីរពេទ្យ២ប៉ុណ្ណោះ ដែលអាចស្កេនរកមេរោគ Zika នេះបាន ក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័រ ជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈរបស់រដ្ឋ។ បើសិនជាមានមេរោគនេះមែននោះ លទ្ធផលនឹងទៅដល់នាយកដ្ឋានរបស់លោកមុនគេ។

បើតាម Facebook របស់នារីម្នាក់ឈ្មោះ Phai Bopha ដែលជាអ្នកផ្សព្វផ្សាយនូវការបំផុសនេះបានអះអាងថា នៅពេលថ្មីៗនេះ ប្អូនរបស់នាងមានឈ្មោះ វ៉ាន់ ស៊ីវម៉ី អាយុ១៦ឆ្នាំ បានស្លាប់ដោយជំងឺ Zika ។ នាងថា ប្អូនរបស់នាងបានឆ្លងជំងឺថ្មីនេះ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ Facebook នេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នផងដែរ។

ទោះជាយ៉ាងណា លោក លី សូវ៉ាន់ បានអះអាងថា លោកបានឆែកនៅមន្ទីរពេទ្យកាល់ម៉ែតរួចហើយដែរ តាមតម្រុយនេះហើយ ប៉ុន្តែមិនមានឈ្មោះខាងលើ និងមិនមានករណីនេះកើតឡើងដែរ។

សូមបញ្ជាក់ថា វីរុស Zika ដែលស្ងប់ស្ងាត់ជាច្រើនឆ្នាំ បានរីករាលដាល់ជាថ្មីនៅលើពិភពលោក ជាពិសេសនៅប្រទេសអាស៊ាន។ នាថ្មីៗនេះ នៅទីក្រុងបាងកកប្រទេសថៃ បានផ្ទុះឡើងនូវករណីឆ្លងវីរុស្ស Zika រហូតដល់ទៅ ២១ករណី។ ចំណែកនៅប្រទេសសិង្ហបុរី រហូតដល់ពេលនេះ ករណីវីរុស Zika ក្នុងប្រទេសនេះកើនឡើងដល់៣១៨ករណីហើយ ខណៈដែលបណ្តាប្រទេសអាស៊ានផ្សេងៗទៀត កំពុងព្រួយបារម្ភ។

ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះមកដល់ប្រទេសកម្ពុជា ក្រសួងសុខាភិបាល ក៏បានបំពាក់ម៉ាស៊ីនស្ទង់កម្តៅខ្លួនមនុស្ស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកអន្តរជាតិមួយចំនួនទៀតក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឃ្លាំមើលអ្នកដំណើរ ដែលមានសីតុណ្ហភាពក្នុងខ្លួនខុសធម្មតា និងករណីអាចមានផ្ទុកវីរុសZika៕