(ភ្នំពេញ)៖ UNESCO ប្រចាំកម្ពុជា បានថ្លែងនូវការចូលរួមអបអរសាទរចំពោះប្រទេសកម្ពុជាដែលបានរៀបចំដោយជោគជ័យនូវការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ទាំងការចេញនូវរបាយការណ៍ ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពិសេសការជួបជុំគ្នាដ៏ធំរវាងអ្នកសារព័ត៌មានប្រមាណ ៥ ០០០នាក់ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការថ្លែងអបអរសាទរនេះធ្វើឡើងក្នុងឱកាស លោក Sardar Umar Alam តំណាង អង្គការ UNESCO ប្រចាំ កម្ពុជា អញ្ជើញចូលជួបពិភាក្សាការងារជាមួយ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដោយបាននាំយកមកនូវអាវកាក់អ្នកសារព័ត៌មានដែលមានដាក់អក្សរ Press សារព័ត៌មាន ចំនួន ៤៧២ អាវ ជូនដល់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

លោក Sardar Umar Alam បានវាយតំលៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានបើកទូលាយនូវសេរីភាពសារព័ត៌មាន ជាពិសេសបានបើកទូលាយនូវកិច្ចសហការ សន្ទនារវាងរាជរដ្ឋាភិបាល និងអង្គការសង្គមសុីវិល ។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ លោក Sardar Umar Alam ដែលបានពិនិត្យ និងវាយតំលៃពីលទ្ធផលល្អដែល ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ហើយលោករដ្ឋមន្រ្តី ត្រៀមបន្តសហការជាមួយ អង្គការ UNESCO ដើម្បីធ្វើអោយសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។

យោងតាមរបាយការណ៍៖ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ»

ជាជំហានបន្តទៅមុខទៀតនេះ ក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO នឹងរៀបចំកិច្ចប្រជុំធំៗមួយចំនួនដើម្បីរៀបចំនូវកិច្ចការងារមួយចំនួនដែលផ្តល់ផលប្រយោជន៍ដល់អ្នកសារព័ត៌មាន ។

ក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ លោក Sardar Umar Alam បានបញ្ជាក់ជូនថា ការដែលអង្គការ UNESCO ផ្តល់អាវកាក់ដែលមានដាក់អក្សរ Press សារព័ត៌មាន ចំនួន ៤៧២ អាវ ជូនដល់ក្រសួងព័ត៌មាន សម្រាប់ផ្តល់ដល់អ្នកសារព័ត៌មាន ដើម្បីទុកពាក់ពេលចុះយកព័ត៌មាន ដែលអាចសម្គាល់បានថា ជាអ្នកសារព័ត៌មាន បង្ហាញក្នុងក្របខណ្ឌសាធារណៈ រក្សាបាននូវសុវត្ថិភាព បើសិនជាមិនបានពាក់អាវ សារព័ត៌មាននេះទេមិនដឹងអ្នកណា នៅស្ថាប័នណានោះទេ ៕