(ឡាវ)៖ កម្ពុជាដែលធ្លាប់ឡើងលើសង្វៀនប្រដាល់ ជាមួយប្រទេសពាក់ព័ន្ធក្នុងជំលោះសមុទ្រចិនខាងត្បូង ហើយដែលត្រូវបានគេព្រួតគ្នាសង្រ្គឺតធេ្មញដាក់តាំងពីឆ្នាំ២០១២ រហូតទល់នឹងខែកក្កដា ឆ្នាំ២០១៦ បានធ្លាក់ចេញពីសង្វៀនទាំងស្រុងនៅកិច្ចប្រជុំកំពូលអាស៊ានចុងក្រោយ ធ្វើនៅប្រទេសឡាវ កាលពីថៃ្ងទី៦-៨ ខែកញ្ញា ក្នុងសប្ដាហ៍នេះ ។ ហ្វីលីពីន និងវៀតណាម ដែលធ្លាប់តែមើលមុខកម្ពុជាដោយខ្នាញ់ និងយកកម្ពុជាជាបាវសាក់ ជុំវិញជំហររបស់កម្ពុជាជាមួយនឹងចិន បានប្រែមកជាធម្មតាវិញ ។

មូលហេតុចំបងមួយដែលកម្ពុជាខ្ទាតចេញពីសង្វៀនខាងលើ ក៏ដោយសារបម្រែបម្រួលបរិបទនយោបាយចុងក្រោយនៅក្នុងតំបន់ និងជាពិសេសបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន Duterte ដែលទើបចូលកាន់តំណែងជាងពីរខែកន្លងមកនេះ បានប្រែក្លាយជំលោះខាងលើឲ្យត្រឡប់ក្រោយបែរ ។

ដូចសព្វមួយដង រាល់កិច្ចប្រជុំអាស៊ាន បញ្ហាភេរវកម្ម និងឧបទ្វីបកូរ៉េ តែងត្រូវបានគេយកមកជជែក ប៉ុនែ្តបញ្ហាសមុទ្រចិនខាងត្បូងរឹតតែក្តៅជាងពីរនេះទៅទៀត។ មូលហេតុគឺដោយសារប្រទេសអាស៊ានជិតពាក់កណ្តាលមានជំលោះជាមួយចិន រួចថែមជប៉ុនដែលជាដៃគូដ៏សំខាន់មួយរបស់អាស៊ាន ក៏កំពុងញេញធេ្មញដាក់គ្នាជាមួយចិន និងបូកបនែ្ថមអាមេរិកមួយទៀត ដែលព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ី និងចេតនាចង់បន្សាបឥទ្ធិពលរបស់ចិនមកលើអាស៊ាន ។

រហូតមកទល់ពេលនេះ អាស៊ាន១០ បានហែកចែកជាពីរ មួយក្រុមមានទំនោរទៅរក «ទាប៉េកាំង» រីឯមួយក្រុមទៀតងាកទៅរក «ប៊ឺហ្គឺអាមេរិក»។ ចាប់តាំងពីឆ្នាំ២០១២មក ចិនហាក់ដូចជាឯកោ ឬពិបាករកសមេ្លងច្រើនជាងបីក្នុងចំណោមអាស៊ាន១០ ដើម្បីគាំទ្រ ប៉ុនែ្តមួយឆ្នាំទៅមួយឆ្នាំ ចិនបានព្យាយាមម៉ិដើម្បីចាប់ឲ្យត្រូវសរសៃឈឺ ទីបំផុតចិនហាក់មានប្រៀបជាងអាមេរិក ជាពិសេសដំណាក់កាលចុងក្រោយនេះ ប៉ុនែ្តមិនមែនដោយសារចិនទាំងស្រុងដែរ ពោលគឺអាចទាក់ទងនឹងអាណត្តិរបស់ប្រធានាធិបតី Barack Obama ត្រូវចប់នៅចុងឆ្នាំ និងភាពមិនទាន់ច្បាស់លាស់ថាតើអ្នកដែលស្នងតំណែងបន្ត លោកស្រី Hillary មកពីបក្សតែមួយ ឬលោក Trump មកពីបក្សផេ្សង អាចបន្តនយោបាយលោក Obama បែរឆ្ពោះមកទ្វីបអាស៊ី (Pivot to Asia) តទៅទៀតឬទេ? និយាយមួយបែបក្នុងដំណើរលើកចុងក្រោយរបស់លោក Obama មកអាស៊ី ហាក់ដូចជួបចំ «យ៉ីអ៊ុនដាក់» ដាក់ទីមួយ គឺចុះដល់ទឹកដីចិន ចិនអត់ក្រាលព្រំក្រហមស្វាគមន៍ មិនតែប៉ុណ្ណោះមន្រ្តីសន្តិសុខចិនថែមទាំងប៉ះសំដីធ្ងន់ៗជាមួយមន្រ្តីសេតវិមានថា «នេះជាព្រលានយន្តហោះរបស់ចិន ជាទឹកដីរបស់យើង» ហើយបន្តរាលដាលទៅដល់លោកស្រី Susan Rice ដែលជាទីប្រឹក្សាសន្តិសុខរបស់ លោក Obama ថែមទៀត ។ បន្ទាប់មកទៀតមុនលោក Obama ឈានជើងចុះទឹកដីឡាវ ប្រធានាធិបតីហ្វិលីពីន លោក Duterte បានជេរប្រមាថមួយប្រាវដាក់ លោក Obama ថា (អាកូនមីសំគីស/កូនមីសំផឹង) ធ្វើឲ្យ Obama ខឹងទ្រាំមិនបាន ក៏លុបចោលគម្រោងជួបទេ្វភាគីជាមួយ Duterte នៅទីក្រុងវៀងច័ន្ទនៅថៃ្ងបន្ទាប់នោះ ។ Duterte បានក្លាយជាតារាផង និងជាបុរសខ្លាំងផងនៅឯកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ តែគាត់មិនបានចំលងក្បាច់របស់សេ្តចប្រដាល់ Pacquiao ដែលវ៉ៃសន្ធាប់ជាប់ៗគ្នាទេ។ លោក Duterte វ៉ៃ Obama មួយដៃគេចមិនជួបមុខ Obama មួយដង តែសម្រុកវ៉ៃម្តងទៀតនៅពេលមានគ្នាច្រើន គឺនៅវេទិការប្រជុំផ្តាច់ព្រាត់កំពូលអាស៊ីបូព៌ាដែលមានមេដឹកនាំ ១៨រូបចូលរួម ដែលពេលនោះ លោក Duterte ដៀមដាមរិះគន់ត្រង់ៗដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ Ban Kimoon ផងនិង Obama ផង ដែលគេឲ្យវេននិយាយម្តងម្នាក់ជាវេទិកាមិនឲ្យតមាត់ដាក់គ្នាទេ ។

Duterte តាមរយៈមាត់ដាចរបស់គាត់ត្រូវបានគេឲ្យរហ័សនាមថា «ជាបុរសអណ្តាតអាស៊ីដ» គឺជាមេដឹកនាំអាស៊ានថ្មីដែលគេចាប់អារម្មណ៍ជាងគេ លេចធ្លោជាងគេ និងវ៉ាដាច់ លោកស្រី អោង សានស៊ូជី ដោយសារតែសំដីគាត់ថ្លោស មិនពាក់អាវធំ មូលដៃអាវ ស្លៀកខោមានពណ៌ និងតែងជ្រែងហោប៉ៅ ។ អាកប្បកិរិយារបស់គាត់បានទទួលការសរសើរផង និងរងការរិះគន់ផង រហូតដល់អ្នកការទូតជាច្រើនបារម្មណ៍ពីការធ្លាក់ចុះនូវភាពថៃ្លថ្នូរ និងពិធីការការទូតរបស់មេដឹកនាំថ្មីៗ និងក្រោយៗមកទៀត។ តាមពិតមេដឹកនាំដែលនាំអាទិ៍ពាក់អាវមូលដៃ គឺលោក Obama បន្ទាប់មកប្រធានាធិបតីឥណ្ឌូណេស៊ី Joko និងលោក Duterte នេះឯង។

រាប់ពីស្តាំ លោក សុខ សីុផាន់ណា, លោក Duterte, ពុយ គា និងលោក នង សាកល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ី ថតនៅទីក្រុងវៀងចន្ទន៌ នៃថៃ្ងប្រជុំទីពី បន្ទាប់ពីលោក Duterte ស្លៀកពាក់បានត្រឹមត្រូវវិញ

ក្នុងជំនួបប៉ុន្មានថៃ្ងនៅឡាវ នាយករដ្ឋមន្រ្តីជប៉ុន ហាក់ដូចជាសមែ្តងការភ័យព្រួយខ្លាំងជាងគេជុំវិញការបាញ់មីស៊ីល បាញ់ហើយបាញ់ទៀតរបស់កូរ៉េខាងជើង ចំណែកឯចិនវិញគិតតែពីត្រៀមខ្លួនចាំទប់ទល់ជាមួយអាមេរិក និងជប៉ុន និងប្រទេសដែលកំពុងមានជំលោះជាមួយ ។ មើលមក ម៉ាឡេស៊ីវិញ នាយករដ្ឋមន្រ្តី Najib ខំឱបជើងអាមេរិកភ័យព្រួយពីចំណាត់ការរបស់អាមេរិករឿងអាស្រូវលុយ ១ពាន់លានដុល្លារ ដែលកូនចិញ្ចឹមរបស់គាត់កំពុងជាប់ពាក់ព័ន្ធ រីឯឡាវដែលជាម្ចាស់ផ្ទះ ភ័យផងអរផង ខ្លាចក្រែងគេយករឿងសមុទ្រចិនខាងត្បូងមកឈ្លោះគ្នាក្នុងផ្ទះរបស់ខ្លួន បើទោះបីជាមុនកិច្ចប្រជុំប៉ុន្មានថៃ្ង មេដឹកនាំឡាវបានធ្វើដំណើរស្ងាត់ៗទៅកាន់ប្រទេសវៀតណាម ដែលគេសង្ស័យថា ប្រហែលជាទៅសុំការយោគយល់ពីបងធំវៀតណាម កុំឲ្យអុកឡុករឿងជំលោះសមុទ្រចិន ដើម្បីរក្សាមុខមាត់ម្ចាស់ផ្ទះ។ ដោយឡែកសិង្ហបុរីបានចាក់ខែ្សជាមួយអាមេរិក ដោយសារជាប់ពាក់ព័ន្ធនឹងរឿងដៃគូអន្តរប៉ាស៊ីហ្វិក (Trans Pacific Partnership) ចំណែកឯមេដឹកនាំកម្ពុជាវិញ ហាក់ដូចជាមិនជំពាក់នរណាមួយរៀល ឬអង្គុយចាំស៊ីឡាក ព្រោះកម្ពុជាលែងជាគូប្រកួតលើសង្វៀន ហើយក៏លែងជាបាវសាក់ដែរ។

តួនាទីកម្ពុជាក្នុងនិងក្រៅតំបន់៖ ដុំថ្ម ដុំភ្លើង ឬជាដុំមាស? 

ថ្មីៗនេះ កូរ៉េខាងជើងបានព្យាយាមចែចូវកម្ពុជាម្តងជាពីរដង ប្រហែលជាក្នុងបំណងចង់បង្ហាញថា កូរ៉េខាងជើងមិនឯកោទេ ប៉ុនែ្តនយោបាយការបរទេសកម្ពុជាហាក់ដូចជា មានការថ្លឹងថែ្លងច្រើន ដោយត្រូវស្ទាបស្ទង់មតិពីប្រទេសមហាអំណាចធំៗ ថាតើគួរសេព្វគប់ជាមួយកូរ៉េខាងជើង តាមរយៈការទទួលមេដឹកនាំមកពីប្រទេសមួយនេះដែរឬទេ? រឿងមីុស៊ីលរបស់កូរ៉េខាងជើង និងសមុទ្រចិនខាងត្បូងរបស់ចិនសុទ្ធតែ ជាដុំថ្ម និងដុំភ្លើង សម្រាប់ជប៉ុន និងអាមេរិក ប៉ុនែ្តបើសិនកម្ពុជាដើរលើផ្លូវត្រូវដុំទាំងពីរក៏អាចប្រែមកជាដុំមាសវិញបានដែរ។

នយោបាយការបរទេសរបស់ឡាវ៖
ប្រទេសឡាវកំពុងស្ថិតក្នុងបរិបទនយោបាយមួយដែលត្រូវបត់បែន។ រហូតមកដល់ពេលនេះឡាវនៅតែរងសម្ពាធនយោបាយពីវៀតណាម តែក៏ចាប់ដៃជាមួយចិន និងប្រទេសអ្នកមានដ៏ទៃទៀតដោយមិនរើសមុខ។ គ្រាន់តែព្រលានយន្តហោះទីក្រុងវៀងច័ន្ទមួយ ឡាវទទួលបានជំនួយពីរចិនផង និងជប៉ុនផង ដោយមិនខ្លាចគេហៅ ថាជា «ប្រុសសាវាឡើយ» ។ ថ្មីៗនេះទៀតសោធន៌ (ថៃ្ងទី ៦ កញ្ញា) ឡាវបបួលប្រធានាធិបតី Obama រាំវង់ទាំងថៃ្ង បន្ទាប់មក Obama ទម្លាក់លុយឲ្យ៩០លានដុល្លារ ដើម្បីលួងលោមឡាវឲ្យបំភ្លេចអតីតកាលដែលពាក់ព័ន្ធទៅនឹងការទំលាក់គ្រាប់បែកចំនួនប្រមាណពីរលានតោនក្នុងទសវត្ស ៦០ និង ៧០។ 

ឡាវក្រចិត្តធំ អ្នកមានម៉ៅស្វិត

ប្រទេសឡាវជាប្រទេសក្រ តែចិត្តធំជាងអ្នកមាន ។ ប្រទេសអ្នកមានដូចជាសិង្ហបុរី និងប្រុយណេ មិនអាចប្រៀបធៀបជាមួយឡាវបានទេ ជាពិសេសលើការផ្តល់ម្ហូបអាហារយ៉ាងសន្ធឹកសន្ធាប់ដល់ភ្ញៀវ រហូតដល់គេលួចសរសើរមិនដាច់ពីមាត់។ ម្ហូបប្រពៃណីឡាវ បងែ្អមច្រើនមុខ ផែ្លឈើ កាហេ្វ ត្រូវបានដាក់ឲ្យពិសារដោយសេរី រហូតដល់មានអ្នកវេចខ្ចប់ទៅទៀត តែមិនមែនជារូបខ្ញុំឡើយ៕

ដោយ៖ ពុយ គា