(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារ ជាមួយលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋកាតាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ នៅឯវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកអគ្គរាជទូតកាតា មកកម្ពុជានាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបន្ថែមទៀតនាពេលអនាគត។ លោកបណ្ឌិតថា កាលពីអតីតកាលកម្ពុជា ដែលជាប្រទេសមួយ មានសង្គ្រាមរាំរ៉ៃប្រមាណជាង៣០ឆ្នាំ ប៉ុន្តែនាពេលបច្ចុប្បន្នកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដូចជាមានការសាងសង់ផ្លូវល្បឿនលឿន ព្រលានយាន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ផ្សេងៗទៀត។

លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជា ទទួលបានសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនជាច្រើន មានដូចជា រាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម មានតួនាទីក្នុងជួររាជរដ្ឋាភិបាល ដូចជាក្នុងស្ថាប័ននិតីប្រតិបត្តិ និតីបញ្ញត្តិ រដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិជាច្រើនរូបផងដែរ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណជាង១ពាន់នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា និង១៨០នាក់ជាមន្រ្តីជាប់កិច្ចសន្យា និងមានការផ្តល់ជូនជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណ ដល់រាជរដ្ឋាភិបាលកាតា ដែលកន្លងមកតែងតែគាំទ្រកម្ពុជាលើវិស័យនានា ផ្តល់ជំនួយមនុស្សធម៌ ហើយនាពេលថ្មីៗនេះ អង្គការសប្បុរសធម៌កាតា (Qatar Charity) និងក្រសួងគរុភ័ណ្ឌសាសនា នៃប្រទេសកាតា បានផ្ដល់អំណោយកញ្ចប់អាហារខែរ៉ាម៉ាឌន ដើម្បីចែកជូនបងប្អូនខ្មែរឥស្លាម ក្នុងខែបួសកន្លងទៅ ចំនួនជាង៤ពាន់កញ្ចប់ផងដែរ ហើយលោកបានអរគុណដល់រដ្ឋកាតា ដែលបានឲ្យអាកាសចរណ៍កាតា បានហោះហើរត្រង់មកកម្ពុជា នាពេលថ្មីៗនេះ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរអរគុណ ឯកអគ្គរាជទូតកាតាផងដែរ ដែលបានជួយសម្របសម្រួល ជូនលោកអញ្ជើញទៅទស្សនកិច្ចការងារចំនួន២លើក នៅប្រទេសកាតា ដោយលើកទី១ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកាតាសំខាន់ៗ ចំនួន៧ មានដូចជា លោក Ghanem bin Shaheen bin Ghanem Al Ghanim រដ្ឋមន្ត្រីគរុភ័ណ្ឌ (Awqf) និងកិច្ចការឥស្លាម នៃរដ្ឋកាតា, លោកស្រី Buthaina Ali Al Jabr Nuaimi រដ្ឋមន្ត្រីក្រសួងអប់រំ និងឧត្តមសិក្សា នៃរដ្ឋកាតា, លោក Mohamed Bin Ahmed Twar Al Kuwari អនុប្រធានទី១ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម នៃរដ្ឋកាតា, លោក Ahmad bin Sultan Al-Mesaifri ជំនួយការប្រធាននាយកដ្ឋានកិច្ចការបរិច្ចាក នៃក្រសួងគរុភ័ណ្ឌ (Awqf) និងកិច្ចការឥស្លាម នៃរដ្ឋកាតា, លោក Youssef Ali Al-Khater ប្រធានអឌ្ឍចន្ទក្រហមកាតា (Qatar Red Crescent Society) លោក Yousef bin Ahmed Al-Kuwari នាយកប្រតិបត្តិ នៃអង្គការសប្បុរសធម៌កាតា (Qatar Charity) និងតំណាងអាជ្ញាធរវិនិយោគកាតា (Qatar Investment Authority)។

ចំណែកលើកទី២ គឺបានអញ្ជើញទៅកាលពីថ្ងៃទី១ ខែឧសភានេះ ហើយបានជួបពិភាក្សាការជាមួយស្ថាប័នសំខាន់ៗចំនួន៥ទៀត មានដូចជា លោក Ghanem bin Shaheen bin Ghanem Al Ghanim រដ្ឋមន្ត្រីគរុភ័ណ្ឌ (Awqf) និងកិច្ចការឥស្លាម នៃរដ្ឋកាតា, លោកបណ្ឌិត Ahmad Hassen Al-Hammadi អគ្គលេខាធិការនៃក្រសួងការបរទេសកាតា លោក Fahad Al-Sulaiti នាយកប្រតិបត្តិអង្គការ Education Above All Foundation តំណាងមកពី ROTA តំណាងមកពីអង្គការសប្បុរសធម៌ Silatech និងលោក Sultan Hassan Al-Saadi តំណាងអាជ្ញាធរវិនិយោគកាតា (QIA)។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-កាតា និងបានកោតសសើរពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនកើនឡើងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលធ្វើបានបន្ទាប់ពីរំលត់សង្គ្រាមដ៏រាំរ៉ៃ វិលមករកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនកើនឡើង។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានសាទរជាខ្លាំងចំពោះសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា និងបានបង្ហាញភាពវិជ្ជមានក្នុងការស្វាគមន៍ និងគាំទ្រដល់កម្ពុជាជានិច្ច ក្នុងការអភិឌ្ឍលើវិស័យអាទិភាពនានា ដើម្បីធ្វើឲ្យទំនាក់រវាងកម្ពុជា និងកាតា កាន់តែមានជិតស្អិត និងរឹងមាំបន្ថែមទៀត។ បន្ថែមលើនេះ លោកបានបញ្ជាក់ថា ប្រទេសកាតា ចង់មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យបានច្រើនដើម្បីឈានទៅចុះកិច្ចព្រមព្រៀង (MOU) លើវិស័យផ្សេងៗដូចជា អប់រំ ពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ និងផ្សេងៗទៀត ខណៈលោកសង្ឃឹមថា អនាគតនឹងមានការធ្វើពាណិជ្ជកម្ម វិនិយោគប្រកប ដោយរឹងមាំជាមួយកម្ពុជា៕