(សៀមរាប)៖ សាលាអន្តរជាតិ ស្មាធ­ឃីដ (Smart Kids International School) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សានុសិស្សប្រមាណ ១,៣០០នាក់ ដែលបានសិក្សានៅសាខាទី១ ទី២ និងទី៣ នាឆ្នាំសិក្សា ២០១៥­២០១៦ ។

ពិធីនេះបានរៀបចំធ្វើនៅភោជណីដ្ឋាន អាប៉ូឡូផ្លាស្សា នាក្រុងសៀបរាប ក្រោមអធិបតីភាព លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រី ដែលជាមាតាបិតា អាណាព្យាបាល សិស្សានុសិស្ស គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ប្រមាណជាង ១ពាន់នាក់ ផងដែរ ។

ក្នុងនាមឲ្យគណៈគ្រប់គ្រង និងបុគ្គលិក នៃសាលាអន្តរជាតិ ស្មាធ­ឃីដ លោក ឡុង សេង បានរំលឹកឡើងវិញថា សាលាអន្តរជាតិ ស្មាធ­ឃីដ បានចាប់ផ្ដើមបើកទ្វារផ្ដល់សេវាអប់រំសិស្សានុសិស្ស ចាប់ពីខែមករា ឆ្នាំ២០០៩ ដោយមានការអនុញាត និងទទួលស្គាល់ពីក្រសួងអបរំ យុវជន និងកីឡា ដែលបច្ចុប្បន្នមាន៤សាខា (នៅខេត្តសៀមរាប ៣សាខា និងនៅរាជធានីភ្នំពេញ ១សាខា) មានអគារសិក្សាធំៗចំនួន៤ ស្មើនឹង ១០៥បន្ទប់ ។ សាលាមានបេសកកម្ម ផ្ដោតលើ «គុណភាពសិក្សា គឺជាធាតុផ្សំនៃចំណេះដឹង ចំណេះធ្វើ សីលធម៌ និងភាពមានទំនុកចិត្តលើខ្លួនឯង ដោយប្រកាន់យកគោលការណ៍ នៃមូលដ្ឋានអប់រំរឹងមាំ ជាមួយនិងអនាគតរុងរឿង» ។

លោកបន្តថា៖ លទ្ធផល និង សមិទ្ធិផលទាំងអស់នេះ ពោលគឺបានមកពីកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ ការខិតខំយកចិត្តទុកដាក់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការចូលរួមចំណែកពីសំណាក់ លោក លោកស្រី ជាមាតាបិតា អាណាព្យាបាល គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែករបស់សាលា ។ លោករំលឹកថា ៖ សាលាមានសិស្សដំបូងឡើងតែ ១៦នាក់ រហូតដល់ ២,៥៨៣នាក់។

សូមបញ្ជាក់ថា សាលានេះ មានកម្មវិធីចំណេះទូទៅភាសាខ្មែរ (ថ្នាក់ទី១ ដល់ ទី១២) កម្មវិធីចំណេះទូទៅភាសាអង់គ្លេស-ចិន (ថ្នាក់ទី១ ដល់ ទី៨) កម្មវិធីភាសាបរទេសក្រៅម៉ោង (កម្រិតទី១ ដល់ កម្រិតទី២៤) កម្មវិធីអប់រំកាយ និងកីឡា (ហែលទឹក ការាតេ បាល់បោះ) ព្រមទាំងកម្មវិធីតន្ត្រី និងចំរៀង ស្របតាមសមីការបេសកកម្មអប់រំរបស់ខ្លួនដែលចែងថា៖ «គុណភាពសិក្សា គឺជាធាតុផ្សំ នៃ ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងភាពមានទំនុកចិត្តលើខ្លួនឯង» ប្រកបដោយប្រសិទ្ធិភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ សម្រាប់ចូលរួមចំណែកក្នុងវិស័យអប់រំ របស់កម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងពិភពលោកផងដែរ ៕