Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមកម្មសិក្សាការី​ វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅខេត្តពោធិ៍សាត់

11-09-2016 12:44

(ពោធិ៍សាត់)៖ ក្រុមកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល បន្ទប់ភ្នំពេញ ពេលព្រឹក សរុបប្រមាណ ២៣នាក់ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ បានចូលជួបសម្តែងការគួរសមជាមួយ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសចុះបំពេញ ទស្សនកិច្ចសិក្សាស្វែងយល់ពីការងារអភិវឌ្ឍន៍នៅខេត្តពោធិ៍សាត់ និងបង្ហាញមនសិកាការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ១០គ្រួសារ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

នៅក្នុងនោះ លោក ឆាយ គឹមម៉ុង តំណាងក្រុមកម្មសិក្សាការី​ បានជម្រាបជូនពីការរៀបចំឲ្យមានកម្មវិធីនេះឡើង ក្រោមការចូលរួម សហការគ្នា ជាថវិកា និងទ្រព្យធន ដើម្បីបានជួបសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងដំណើរបំពេញ ទស្សនកិច្ចនៅខេត្តពោធិ៍សាត់ បន្ទាប់ពីក្រុមកម្មសិក្សាការីយើងធ្លាប់បានបំពេញទសន្សកិច្ចសិក្សានៅខេត្តកំពត ដោយទទួលបានលទ្ធផល ជោគជ័យម្តងរួចមកហើយ។ លោកបន្ថែមថា​ ការបំពេញទស្សនកិច្ចនេះ ជាការរួចចំណែកមួយ ធ្វើឲ្យកម្មសិក្សាការីឲ្យកាន់តែយល់ដឹងច្បាស់ និងមានប្រាស្រ័យទាក់ទាក់ទងគ្នាទៅវិញទៅមក ព្រមទាំងបានសិក្សាស្វែងយល់ពីសក្កានុពលអភិវឌ្ឍន៍ ស្ថានភាពរស់នៅរបស់ ប្រជាពលរដ្ឋតាមបណ្តាខេត្ត ពិសេសខេត្តពោធិ៍សាត់ ជាខេត្តមួយសម្បូរទៅដោយភោគផលកសិកម្ម និងតំបន់ទេសចរណ៍ធម្មជាតិ។

ជាការឆ្លើយតប លោក ម៉ៅ ធនិន អភិបាលខេត្ត បានបង្ហាញទឹកចិត្តសប្បាយរីករាយ ក្នុងគោលបំណងដ៏ល្អរបស់ កម្មសិក្សាការីវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាលភ្នំពេញ ដែលបានយកចិត្តទុកដាក់ក្នុងការងារសិក្សាស្វែងយល់ខាងលើ ព្រមទាំងបានគាំទ្រទាំងស្រុង រាល់សកម្មភាពមនុស្សធម៌នានា  ដែលបានមកបំពេញទសន្សនកិច្ចសិក្សានៅក្នុងខេត្តរបស់លោក។

លោក ឆាយ គឹមម៉ុង ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានផ្តល់កិត្តិយសទទួលស្វាគមន៍ ដំណើរបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ពីការងារអភិវឌ្ឍន៍នៅខេត្តពោធិ៍សាត់ និងបង្ហាញមនសិកាការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ១០គ្រួសារ ក្នុង ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែកញ្ញា ឆ្នាំ២០១៦ផងដែរ៕