(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ លោក សេង ទៀង នាយក​រង​ខុទ្ទ​កាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននាំយកអំណោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារសម្រាលបានកូនភ្លោះ៣ នៅភូមិរកាលើ ឃុំសំបួរមាស ក្រុង​កំពង់​ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៤។

អំណោយដែលបានយកទៅប្រគល់ជូនគ្រួសារសម្រាលបានកូនភ្លោះ៣នេះ រួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង​២ និងក្រម៉ា២។

គ្រួសារសម្រាលកូនភ្លោះ៣សុទ្ធតែស្រីនេះ មានស្វាមីឈ្មោះ ស៊ិន ម៉ុន្ថា អាយុ ៣៧ឆ្នាំ ជាមន្ត្រីសាលាខេត្តកំពង់ចាម ភរិយាឈ្មោះ រិត ណាវី អាយុ ៣៣ឆ្នាំ បុគ្គលិកធនាគារ​ឯកជន។ កូនភ្លោះ៣នេះ ជាកូនលើកទី៤ក្នុងគ្រួសារ ហើយសម្រាលកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខ​ទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងនឹករលឹកប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង​ទាំង​អស់ក្នុងប្រទេសកម្ពុជា។

លោក សេង ទៀង បានឱ្យថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោល​រយៈ​ពេលជាង ២៥ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន​​​៤១៣គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ជាពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាកូន ជាចៅៗរបស់​សម្តេច​ទាំងទ្វេនៅពេលសម្រាលរួច។

នាយករងខុទ្ទកាល័យសម្តេចធិបតី បានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជា​អំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់​គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះឡើយ។ អំណោយ​ទាំងអស់នេះ គឺជា​អំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជា​ពល​រដ្ឋ​ដែល​បានសម្រាលទារកភ្លោះបី ឬបួននាក់។

គ្រួសារសម្រាលកូនភ្លោះ៣នេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងចាត់ទុកប្រជាពលរដ្ឋ​ទីទល់​ក្រ​ងាយ​រង​គ្រោះ ជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ។ ផ្តើមចេញពីក្តីខ្វាយខ្វល់ និងគិតគូរនេះ សម្តេចទាំងទ្វេតែងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋសម្រាលកូនភ្លោះ៣ ក៏ដូចជាអ្នកខ្វះខាត ដើម្បីជួយសំរាលការលំបាក់ក្នុងការចិញ្ចឹមបីបាច់​កូន និងទ្រទ្រង់ជីវភាពបានល្អប្រសើរ៕