(បន្ទាយមានជ័យ​)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើប្រតិបត្តិការបង្រ្កាបគ្រឿងញៀន២ករណីផ្សេងគ្នា​ ឃាត់ខ្លួនជនសង្ស័យ២នាក់​ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ​បានឱ្យដឹងថា​ វេលាម៉ោង៤ ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ឃូមដឿន ហៅ បៀ អាយុ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមនឹងដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០២ថង់។

បន្ទាប់មក នៅវេលាម៉ោង២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីសន្តិសុខថា មានករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀននៅចំណុចមុខក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រាស៊ីត ឆាំណានមឿង ហៅ ហ្វឺស អាយុ២១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅម៉ត់សថ្លា (អ៊ិចស្តាស៊ី) ចំនួន១ថង់, ថ្នាំគ្រាប់រាងផ្លែឈើពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន១ថង់។ បន្ទាប់មកកម្លាំងបានឃាត់ខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងដកហូតបាន នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។​

ក្រោយឃាត់ខ្លួន​ និងសួរនាំរួច​, ជនសង្ស័យឈ្មោះ ពេជ្រ ឃូមដឿន ហៅបៀ បានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ចំណែកជនសង្ស័យឈ្មោះ ប្រាស៊ីត ឆាំណានមឿង ហៅហ្វឺត បានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព​ និងវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន ​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃសៅរ៍ ទី០៤​ ខែឧសភា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕