(ភ្នំពេញ)៖ ថ្ងៃនេះនាយស្មេរ បានបន្តតាមដានលើបណ្តាញសង្គមដូចសព្វមួយដង ដោយចង់ដឹងអំពីមតិយោបល់ និងរឿងរ៉ាវផ្សេងៗ កើតឡើងនៅលើបណ្តាញសង្គមក្នុងប្រទេស បន្ទាប់ពីបានអានព័ត៌មានផ្លូវការជាប្រចាំរួចរាល់ ដែលសកម្មភាពនេះ សឹងតែក្លាយទៅជាទម្លាប់ទៅហើយ។

នៅលើបណ្តាញសង្គម គឺខុសពីលើបណ្តាញសារព័ត៌មានផ្លូវការដែលមាន​ក្រមសីលធម៌វិជ្ជាជីវៈ ដោយសារតែមានការបញ្ចេញមតិចម្រុះ ការបង្ហាញអារម្មណ៍ ការចែកចាយសំណេរ រូបភាព និងវីដេអូខ្លះគ្មានប្រភពច្បាស់លាស់ ដោយមិនបញ្ជាក់ពេលវេលា និងទីកន្លែងកើតហេតុនោះទេ ហើយខ្លះទៀតគ្រាន់តែជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។ រីឯការបញ្ចេញមតិទៀតសោត ក៏បានធ្វើឡើងដោយព្រោងព្រាត សម្បូរបែប ចោទប្រកាន់ទាំងទទឹងទិស ប៉ុន្តែអ្នកកវិភាគខ្លះធ្វើជាមើលមិនឃើញ ហើយបានបកស្រាយថា កម្ពុជានៅមានការរិតត្បិត រើសអើង និងវាយតម្លៃថាសេរីភាពសារព័ត៌មាននៅតែមិនទាន់ពេញលេញទៅវិញ។

ការផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គមខ្លះ ធ្វើឡើងដើម្បីតែទទួលបាន Like, Share និង View ផេករបស់ខ្លួន ជាពិសេសមាតិកា ដែលបង្កើតឡើងដោយពួក MMO (Make Money Online) ដែលរកប្រាក់តាមអនឡាញ។ ពួកគេមួយចំនួន មិនខ្វល់ថា អ្វីដែលខ្លួនកំពុងចែកចាយជារឿងពិត ឬមិនពិតនោះទេ គឺធ្វើដើម្បីបោកបញ្ឆោតអ្នកមើល ហើយខ្លួនទទួលបានប្រាក់តាមអនឡាញប៉ុណ្ណោះ។

ជាក់ស្តែងរូបភាព ដែលនាយស្មេរទទួលបានពេលនេះ ជារូបភាពដែលកើតឡើងនៅបរទេស មិនមែនកើតឡើងនៅកម្ពុជាទេ ហើយត្រូវបានក្រុម MMO យកមកបង្ហោះយ៉ាងច្រើន ដោយភ្ជាប់ជាមួយនឹងខ្លឹមសារខ្លី «ចាក់ដោត» ដែលយោងតាមខ្លឹមសារ និងរូបភាពនេះ បានធ្វើឱ្យមហាជនជាច្រើនយល់ច្រឡំថាជារូបភាពនៅកម្ពុជា។ គោលបំណងដែលក្រុម MMO បង្ហោះយ៉ាងច្រើនផេកនេះ គឺដើម្បីទាក់ទាញយកការ Like និង Share ដើម្បីកើន Follow ផេក របស់ខ្លួនប៉ុណ្ណោះ។ បើមិនបានពិចារណា និងស្រាវជ្រាវស្វែងរកការពិតទេ ម្ល៉េះខ្ញុំក៏ចាញ់បោកការផ្សព្វផ្សាយនោះដែរ។ ការស្រាវជ្រាវរបស់ខ្ញុំ គឺតាមរយៈការស្វែងរករឿងទាំងនោះនៅក្នុងព័ត៌មានផ្លូវការរបស់កម្ពុជា និងបរទេស។ ទីបំផុតរូបនេះត្រូវបានរកឃើញថា កើតឡើងនៅប្រទេសវៀតណាមប៉ុណ្ណោះ។

នៅក្នុងថ្ងៃនៃសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ៣ ឧសភា ឆ្នាំ២០២៤ ខ្ញុំពិតជាចង់បានការចូលរួមផ្លាស់ប្តូរការគិត និងឥរិយាបទនៃអ្នកផលិតមាតិកា ក្រុម MMO ពិនិត្យលើប្រយោជន៍ជាតិជាធំ ថវិកាចំណូលពីការផ្សព្វផ្សាយជារឿងមួយ តែក៏មានការវិចារណាកុំបណ្តោយ ឱ្យបញ្ហាការផ្សាយរបស់ខ្លួនប៉ះពាល់សង្គម វប្បធម៌ សាសនា ដ៏ល្អផូរផង់របស់កម្ពុជា។

គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ​ បាននិងកំពុងជះឥទ្ធិពល និងផលវិបាកមកលើសង្គមរស់នៅផងដែរ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កភាពចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ដល់ឯកជនភាព ធ្វើឱ្យបាត់បង់កិត្តិយស។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ អាចនឹងបង្កឱ្យមានការរើសអើង អរិភាព ក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។

សូមឱ្យក្រសួងមានសត្ថកិច្ចមេត្តាពង្រឹងការអនុវត្តច្បាប់ចំពោះក្រុមផលិតមាតិកាទាំងឡាយ ដែលប៉ះពាល់ដល់ការពិតនៅកម្ពុជា តាមនីតិវិធីច្បាប់ និងសូមឱ្យប្រជាពលរដ្ឋអ្នកតាមដានព័ត៌មានលើបណ្តាញសង្គម ចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បដិសេធមិនចូលមើល ឬ Block ផេកណាដែលកុហក បោកប្រាស់ ហើយក៏មិនត្រូវសម្រេចចិត្ត Like និង Comment ក្រុមផេក ដែលមានបំណងបោកប្រាស់នោះឡើយ៕

ដោយ៖ នាយស្មេរ !