(ព្រះវិហារ)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន ៦២ខ្នង និងសាលាឃុំ ១ខ្នង ស្ថិតនៅឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរងការខូចខាតដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

លោក រស់ ហេង អភិបាលស្រុកជ័យសែន ខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ ថា៖ «ក្នុងចំណោមផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦២ខ្នង គឺស្ថិតក្នុងភូមិចំនួន៤ នៃឃុំច្រាច់ រួមមាន៖ ភូមិបដិវត្តចំនួន ៣៤ខ្នង និងសាលាឃុំ១ខ្នង ភូមិផ្លោច ចំនួន២៣ខ្នង ភូមិចំរើន ចំនួន៤ខ្នង និងភូមិប្រមូលផ្តុំចំនួន ១ខ្នងផងដែរ»។

លោកអភិបាលស្រុកជ័យសែន បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ ដល់មនុស្សឫសត្វនោះទេ។ នៅព្រឹកថ្ងៃនេះដែរ លោកក៏បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង និងនាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលផ្ទះរងការខូចខាតធ្ងន់ធ្ងរជាងគេ៕