(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា​ ចំពោះបញ្ហាសិទ្ធិមនុស្សកម្ពុជា ដែលត្រូវបានអ្នករាយការណ៍របស់អឺរ៉ុប និងអាមេរិក តែងតែវាយតម្លៃថាមិនល្អ ពីព្រោះក្រុមអ្នកវាយតម្លៃទាំងនោះចង់ឱ្យមានវត្តមានអតីតគណបក្សសង្គ្រោះជាតិ (CNRP) រស់ឡើងវិញ និងចង់ឱ្យនិន្នាការនយោបាយរបស់កម្ពុជា មានទំនាក់ទំនងល្អជាមួយខ្លួន ជាងប្រទេសចិន។

ការចេញមុខលើកឡើងបែបនេះរបស់ប្រធានសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពី «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើមឆ្នាំ២០២៤» ក្នុងរយៈពេល៨ខែ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខាងទទួលបន្ទុកសិទ្ធិមនុស្សអឺរ៉ុប អាមេរិក គឺក្តៅជាងគេរឿងទាក់ទងនឹងគណបក្សប្រឆាំង ដែលគាត់វាយតម្លៃរឿងសិទ្ធិមនុស្សកម្ពុជា មិនរឿងតែប៉ុណ្ណឹងទេ បើសិនជាជាឱ្យមាន CNRP រស់ឡើងវិញ វត្តមានលោក សម រង្ស៊ី លោក កឹម សុខា ឬក៏ទាក់ទងភ្លើងទៀន ហើយនិន្នាការជាមួយយើងជាមួយគាត់ កុំទំនាក់ទំនងល្អជាមួយចិនខ្ញុំជឿថារឿងសិទ្ធិមនុស្សគាត់និយាយល្អហ្មង»។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី អះអាងថា ចំណុចដែលបណ្តាប្រទេសមួយចំនួនតូចបានប្រើរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួនវាយតម្លៃលើប្រទេសកម្ពុជាថាមិនមានភាពល្អប្រសើរនេះ គឺខុសពីស្ថានភាពិតចំពោះការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដូច្នេះ ការវាយតម្លៃតាមរយៈរបាយការណ៍ប៉ុន្មានកន្លងមក ផ្ទុយស្រឡះពីរូបភាពជាក់ស្តែងនៅកម្ពុជា។ ខណៈប្រទេសកម្ពុជា ជារដ្ឋអធិតេយ្យ មានសិទ្ធិគ្រប់គ្រាន់ដើម្បីអនុវត្តច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តិផ្ទុយនឹងច្បាប់ដែលបានចែង។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្ថែមថា៖ «រដ្ឋាភិបាល យើងដឹងថាយើងធ្វើអី ហើយយើងបាននិងកំពុងធ្វើអីទៀតជាពិសេសផ្ដោតទៅលើផលប្រយោជន៍សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺជំរុញសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិទ្ធិទទួលបាននូវការរស់រានមានជីវិត សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយទាំងអស់ហ្នឹងត្រូវបានធានាដោយរដ្ឋាភិបាលដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់បទដ្ឋានគតិយុទ្ធទាំងអស់ដែលមានជាធរមាននៅកម្ពុជា»

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងពីស្ថានភាពល្អប្រសើរនៃសិទ្ធិមនុស្សកម្ពុជាទាំងសិទ្ធិនយោបាយ សេដ្ឋកិច្ច សង្គម ការគោរពលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយបានវាយតម្លៃខ្ពស់លើការអនុវត្តន៍របស់រដ្ឋាភិបាលដែលបានធ្វើស្របតាមសច្ចាប័ន និងសិទ្ធិសញ្ញាសិទ្ធិមនុស្សទាំង៨ ដែលកម្ពុជាបានទទួលយក។ ទោះជាយ៉ាងណាលោកបានឆ្លើយតបទៅនឹងរបាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិកថាមិនបានឆ្លុះបញ្ចាំងពីសិទ្ធិមនុស្សជាក់ស្ដែងនៅកម្ពុជានោះទេ ដោយមានរបៀបវារៈនយោបាយក្នុងនោះ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា៖ «ប្រទេសខ្លះគាត់ទម្លាប់អាក្រក់ចឹង! គាត់មានសត្រូវនៃប្រទេសណាមួយគាត់ចង់ឱ្យយើងធ្វើសត្រូវជាមួយសត្រូវគាត់ដែរហើយយើងមានអីផលប្រយោជន៍ទៅដើរធ្វើសត្រូវជាមួយសត្រូវរបស់គាត់? រឿងគាត់ជារឿងរបស់គាត់រឿងយើងជារឿងរបស់យើង»

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា ការលើកឡើងពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សកម្ពុជាថាមិនមានភាពល្អប្រសើរជារឿងរបស់គេ ប៉ុន្តែ អ្វីដែលសំខាន់ គឺកម្ពុជា មានភាពច្បាស់លាស់ លើការគោរពសិទ្ធិមនុស្សរបស់ខ្លួន និងការបន្តការងារទៅមុខទៀតដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ក្រោមដំបូលសន្តិភាព និងការគោរពច្បាប់រដ្ឋ៕