(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសាររំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្ដីក្ដុកក្ដួលរន្ធត់ឥតឧបមា និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកណ្តាល កំពត និងខេត្តពោធិ៍សាត់ ត្រូវជាឧត្តមស្វាមីរបស់ លោកជំទាវ បានទទួលមរណភាព នៅថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១ រសៀល ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តម ជាវ តាយ ដែលជាស្វាមី ជាឪពុក ជាជីតា ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។

ការបាត់បង់ ឯកឧត្តម ជាវ តាយ គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលពោរពេញ ដោយបទពិសោធន៍ក្នុងការងារ មានឆន្ទៈមុះមុត និងមនសិការដ៏ឧត្ដុង្គឧត្តមក្នុងការបម្រើបុព្វហេតុជាតិ មាតុភូមិក្នុងគ្រប់កាលៈទេសៈជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ជាវ តាយ សូម ឆាប់បានទៅចាប់កំណើត និងសោយសុខក្នុងសុគតិភពកុំប៊ីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលនូវការរាប់អានពីខ្ញុំ និងភរិយា៕