(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលជំនាញនគរបាលការពារព្រំដែន ដល់កម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះសំដៅលើកកម្ពស់ការយល់ដឹង ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងអន្តរាគមន៍ អនុវត្តន៍ជំនាញការពារថែរក្សាតំបន់ព្រំដែន ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

វគ្គបណ្តុះបណ្តាលនេះ បានបញ្ចូលកម្មវិធីបំប៉នបទវិន័យនគរបាលជាតិលេខ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ និងបទបញ្ជាលេខ០០១ប្រ.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបទបញ្ជាផ្ទៃក្នុងរបស់វគ្គបណ្តុះបណ្តាល ដើម្បីធានាដល់ប្រសិទ្ធិភាព និងភាពស័ក្កសិទ្ធក្នុងការបណ្តុះបណ្តាល។

នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានថ្លែងប្រាប់មន្ត្រី និងពលនគរបាលក្នុងវគ្គបណ្តុះបណ្តាល ពីគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិយ៉ាងធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គមនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ ព្រែកជីកហ្វូណន-តេជោ ផ្តល់អត្ថប្រយោជន៍ដ៍មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូច្នេះយើងទាំងអស់គ្នា ត្រូវប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណន-តេជោ នេះឲ្ហដំណើរដោយរលូន និងទទួលបានជោគជ័យ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានថ្លែងប្រាប់មន្ត្រី និងពលនគរបាលការពារព្រំដែនទាំងអស់ ត្រូវត្រៀមលក្ខណៈជាជានិច្ចនូវមធ្យោបាយ សម្ភារ ដើម្បីជួយអន្តរាគមន៍ដឹកជញ្ជូនទឹកចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ប្រសិនបើភាពរាំងស្ងួតនៅតែអូសបន្លាយតទៅទៀត៕