(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើក កិច្ចប្រជុំពិនិត្យការងារប្រចាំខែសីហា របស់សមាគមអតីតយុទ្ធជន ក្នុងខខេត្តកំពង់ស្ពឺ និងដាក់ចេញទិសដៅការងារថ្មី សម្រាប់ខែកញ្ញា ដើម្បីនាំនូវឧត្តមប្រយោជន៍ សម្រាប់អតីតយុទ្ធជនក្នុងខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះ នាយឧត្តមសេនីយ៍ គន់ គីម បានស្តាប់នូវរបាយការណ៍ ក៏ដូចជាបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន ក្នុងខេត្ត កំពង់ស្ពឺ ពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនមកពីគ្រប់ស្រុក ក្នុងខេត្តកំពង់ស្ពឺ។ ក្រោយពេលស្តាប់នូវរបាយការណ៍ និងបញ្ហា ប្រឈមមួយចំនួនហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ដាក់ចេញនូវយន្តការមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនោះភ្លាម ផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់ថ្នាក់ដឹកនាំសមាគមន៍ ក៏ដូចជាកម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ ខិតខំយកចិត្ត ទុកដាក់ដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជននៅក្នុងខេត្ត។ លោកអគ្គលេខាធិការ បានរំលឹកក្នុងអង្គប្រជុំថា អតីតយុទ្ធជនសុទ្ធតែជា អ្នកបានសាងស្នាដៃ និងគុណសម្បត្តិក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសសុទ្ធតែបានរួមចំណែកជួយបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលបានរស់ក្នុងភាពសុខសាន្ត។

លោក បានបញ្ជាក់ថា «បងប្អូនអតីតយុទ្ធជនរបស់យើង គាត់សុទ្ធតែបានសាងស្នាដៃធំណាស់សម្រាប់ជាតិមាតុភូមិ ជាពិសេស ក្នុងបុព្វហេតុស្វែងរកសន្តិភាព បញ្ចប់សង្រ្គាមនៅក្នុងប្រទេសកម្ពុជា នាំមកនូវសេចក្តីសុខសម្រាប់ប្រជាពលរដ្ឋកម្ពុជាដូចពេល។ បច្ចុប្បន្នដូច្នេះ យើងជា អ្នកកំពុងសោយសុខក្រោយការលះពង់ដ៏ធំធេងរបស់ពួកគាត់ ត្រូវតែយកចិត្តទុកដាក់លើពួកគាត់ឲ្យបានខ្ពស់ ដើម្បីជាការតបនូវគុណ បំណាច់របស់ពួកគាត់»។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានតាស់តឿនដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ស្ពឺ ចុះជំរុញឲ្យអតីតយុទ្ធជនក្នុងខេត្ត ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់មានសិទ្ធិបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខ៕