(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសបដិសេដ ចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតខុសពីការពិតទាំងស្រុងរបស់ ឌី ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) បានផ្សព្វផ្សាយនូវព័ត៌មាន ប្រឌិតខុសពីការពិតទាំងស្រុង ដោយបានចោទប្រកាន់ថា «ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសូកប៉ាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពន្យារពេលចូលនិវត្តន៍រហូតដល់ទៅឆ្នាំ២០២៨» ។

 

ពាក់ព័ន្ធនឹងព័ត៌មានប្រឌិតខាងលើនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនសាធារណជន ទាំងអស់ដូចខាងក្រោម៖

១៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមច្រានចោល និងបដិសេដាច់អហង្ការចំពោះព័ត៌មានប្រឌិតដែលបាន ផ្សព្វផ្សាយដោយសារព័ត៌មាន ទីនី ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ក្នុងចេតនាទុច្ចរិត ដែលធ្វើឱ្យ សាធារណៈជន មានការភាន់ច្រឡំ និងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។

២៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ជូនសាធារណជនជ្រាបថា លោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ពុំបានទទួលសំណូកសូកប៉ាន់ដូចការផ្សព្វផ្សាយចោទប្រកាន់ខុសពីការពិតរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer)នោះទេ។ លោកជំទាវបណ្ឌិត មិនដែលប្រើប្រាស់តួនាទីព្រះគមជា ជាភរិយារបស់ សម្តេចធិបតី ដើម្បីចាត់ចែងការងាររបស់រាជរដ្ឋាភិបាលនោះឡើយ។ ផ្ទុយទៅវិញ លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់នូវការបំពេញតួនាទីយ៉ាងល្អប្រសើរ និងឥរិយាបទប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាឧត្តមភរិយារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតែងតែធ្វើសកម្មភាពមនុស្សធ៌មជាច្រើន ដើម្បីសង្គមជាតិ និងប្រជាជន។

៣៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមថ្កោលទោសយ៉ាងខ្លាំងចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ឌី ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានផ្សព្វផ្សាយព័ត៌មានប្រឌិតខុសពីការពិតទាំងស្រុងដូច បានលើកឡើងខាងលើ។ នេះមិនមែនជាលើកទី១ទេ ដែលសារព័ត៌មានមួយនេះផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាទុច្ចរិត ញុះញង់ បំភ្លៃការពិត ក្នុងគោលបំណងមូលបង្កាច់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមគ្រួសារ ដើម្បីបម្រើ បៀបវារៈនយោបាយរបស់ខ្លួន។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននេះ បញ្ឈប់ជាបន្ទាន់នូវអំពើថោកទាបបែបនេះបន្តទៀត និងងាកមកប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបាន ត្រឹមត្រូវ។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់គោលការណ៍ឯកភាពឱ្យ លោក គុណ ញឹម អាចពន្យារការចូល និវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ មកម៉្លេះ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ សម្តេចធិបតី មានសិទ្ធិគ្រប់គ្រាន់ក្នុងការ តែងតាំងផ្លាស់ប្តូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់ លោក គុណ ញឹម ដែលជាមន្ត្រីមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ សម្តេចធិបតី នឹងបន្តគោលការណ៍អនុញ្ញាតជូន លោក គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល៕