(ឧត្តរមានជ័យ)៖ ប្រព័ន្ធធារាសាស្ត្រ ស្រែល្អ ស្ថិតក្នុងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អាចស្រោចស្រពស្រូវរដូវវស្សា ស្រូវរដូវប្រាំង ជិត ៦០០ហិកតា និងដំណាំរួមផ្សំ ២៤៥ហិកតា គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅបំណាច់ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ

នាឱកាសដឹកនាំក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រស្រែល្អ លោក ញឺន កួន បានឱ្យដឹងទៀតថា ប្រព័ន្ធធារាសាស្ត្រស្រែល្អ រួមមាន ទំនប់ប្រវែង ៣,២០០ម៉ែត្រ សំណង់ទ្វារទឹកលើទំនប់ចំនួន០៤កន្លែង សំណង់បង្ហៀរទឹកចំនួន០១ កន្លែង ប្រវែង១៣៦ម៉ែត្រ ដែលរហូតមកដល់ថ្ងៃនេះ ការសាងសង់សម្រេចលទ្ធផលបានចំនួន ៣៥% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅបំណាច់ចុងខែកក្កដាខាងមុខនេះ។

លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងទៀតថា ប្រពន័ន្ធធារាសាស្ត្រស្រែល្អ ដែលស្ថិតនៅឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ នេះ មានលទ្ធភាពស្រោចស្រពស្រូវរដូវវស្សាចំនួន៤១៧ ហិកតា ស្រូវរដូវប្រាំងចំនួន១៦៥ ហិកតា និងដំណាំរួមផ្សំចំនួន២៤៥ ហិកតា ផងដែរ។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា ក្រោមការណែនាំដ៍ខ្ពង់ខ្ពស់ពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ តែងបានយកចិត្តទុកដាក់ថែទាំ ជួសជុល ប្រចាំ លើប្រព័ន្ធធារាស្ត្រដែលគ្រប់គ្រង់ដោយមន្ទីរ ធ្វើយ៉ាងណាមិនឱ្យមានការខូចខាត ដើម្បីឱ្យប្រព័ន្ធធារាសាស្ត្រទាំងនេះមានដំណើរការប្រចាំ៕