(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យបានសហការគ្នារៀបចំសិក្ខាសាលា ស្ដីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ប៊ុន សុន្ទរង្គនាយកនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈ ឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅវិទ្យាស្ថាន អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។
សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិត ដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែម ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, តំណាងធនាគារកាណាឌីយ៉ា ក.អ និងនិស្សិត នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ៕