(ភ្នំពេញ): កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតថ្នាំចំនួន២៥កញ្ចប់ និងវត្ថុតាងមួយ ចំនួនទៀត ស្ថិតនៅផ្ទះគ្មានលេខផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។

មេបញ្ជាការអាវុធហត្ថខណ្ឌពោធិសែនជ័យ លោក ជឹម ឫទ្ធី បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ មានម្នាក់ជាមេកាក្លឹប X-Zoon មានឈ្មោះ ប៉ន  អ៊ួច អាយុ៣៤ឆ្នាំ ជាម្ចាស់បន្ទប់ និងម្នាក់ទៀតមានឈ្មោះ ញឹក ពីណុង អាយុ២៤ឆ្នាំមុខរបរ មិនពិតប្រាកដ។

មេបញ្ជាការអាវុធហត្ថរូបនេះ បានបញ្ជាក់ទៀតថា ក្រៅពីការដកហូតថ្នាំ២៥កញ្ចប់ កម្លាំងរបស់លោក បានដកហូត ម៉ូតូ១គ្រឿងម៉ាក Air Blade ពណ៌ខ្មៅស្លាកលេខពោធិសាត់1A-9294 ជញ្ជីងថ្លឹងគ្រឿងញៀន១ លុយមួយចំនួននិងថង់ច្រក គ្រឿងញៀនមួយចំនួនធំផងដែរ។

សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ សហការជាមួយកម្លាំងអាវុធហត្ថការិយាល័យប្រឆាំង គ្រឿងញៀនក្រុង កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕