(ភ្នំពេញ)៖ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» បានបង្ហាញពីចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ នេះបើតាម លោក តុល ផាន់មឿង ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា ដែលបានថ្លែងក្នុងការប្រមូលផ្តុំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។

ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជារូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកដើម្បីចូលរួមបង្កើតភាព សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រសហគ្រាស។ លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារអន្តរជាតិនានាផងដែរ។

បន្ថែមពីនេះ លោក តុល ផាន់មឿង ក៏មិនភ្លេចរំលេចពីវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ចំពោះអនុសាសន៍ចំនួន១០ចណុច ដែលរួមមានការដំឡើង ប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាពសម្រាប់សមាជិកក្នុងបន្ទុក ការផ្តល់ឱកាសឱ្យសិក្សាជំនាញបច្ចេកទេស ការប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍ សុខសាន្តមួយ គម្រោងបង្កើតទារកដ្ឋាន ឬមតេយ្យសហគមន៍នៅតាមតំបន់រោងចក្រ ជំរុញឱ្យមានអាហារដ្ឋានសមរម្យ និងមធ្យោបាយធ្វើដំណើរ ប្រកបដោយសុវត្ថិភាពជាដើម។

ដោយឡែកលោក សាន គឹមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមក្នុងកម្មវិធីប្រារព្ឋទិវាពលកម្មអន្តរជាតិ១ឧសភាដែរនោះ បានលើកឡើងថា ការប្រារព្ធទិវាពលកម្មអន្តរ
ជាតិក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» មានសារសំខាន់ណាស់សម្រាប់បង្កើតឱ្យមានសុខដុមនីយកម្ម នៅក្នុងសហគ្រាសរោងចក្រ នៅទូទាំងប្រទេស ហើយនេះក៏ជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាថ្មីម្ដងទៀត លោក សាន គឹមហុង បានបញ្ជាក់ថា គោលនយោបាយប្រែក្លាយសហគ្រាសមួយ សហគមន៍សុខសាន្តមួយ នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានការចូលរួមពីសំណាក់បងប្អូន កម្មករ និងភាគីពានិងសហជីព និងភាគីនិយោជក រួមទាំងភាគីពាក់ព័ន្ធ៕