(ក្រចេះ)៖ លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានដឹកនាំកងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថស្រុកសំបូរ ចុះអន្តរាគមន៍ជួយចែកទឹកជូនប្រជាពលរដ្ឋ៦០គ្រួសារ នៅក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

លោកអភិបាលស្រុក បានឲ្យដឹងថា ក្នុងយុទ្ធនាការចែកទឹកនេះ គឺកម្លាំងបានចុះជួយអន្តរាគមន៍ចែកទឹកជូនប្រជាពលរដ្ឋប្រមាណ៦០គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំង ដោយគ្រោះរាំងស្ងួត​ និងរលកកំដៅក្ដៅ​ ធ្វើឲ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ​ សូម្បីតែអណ្ដូង​ និងស្រះទឹករីងអស់​។

ខណៈកំពុងជួបប្រទះនឹងបញ្ហារលកកម្តៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត របស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលា។

ដោយឡែកសម្រាប់ខេត្តក្រចេះ, អាជ្ញាធរពាក់ព័ន្ធក៏កំពុងតែនឹងចុះជួយអន្តរាគមន៍ចែកទឹក ឬបាញ់ទឹក នៅតាមសាលារៀន គ្រឹះតាមសិក្សានិងចុះចែកទឹកនៅតាមមូលដ្ឋាន ដែលកំពុងតែប្រឈមនឹងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕