(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ ដល់កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង។

ក្នុងពិធីនោះដែរ មានការឣញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ មកពីឣគ្គស្នងការនគរបាលជាតិ និងគ្រូឧទ្ទេសនាមជាច្រើនរូបទៀត ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ដែលមានសក្ខាកាមចូលរួមចំនួន១១៦នាក់ ក្នុងនោះសិក្ខាកាមមកពីកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន៤០នាក់។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានថ្លែងអំណរគុណដល់នាយ នាយរងអាវុធហត្ថទាំងពីរខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការក្រេបយកចំណេះដឹង មេរៀន ក៏ដូចជាវិធីក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គិភ័យ ក៏ដូចជាការអនុវត្តជាក់ស្ដែងនៃការពន្លត់អគ្គីភ័យ តាមបទបង្ហាញរបស់គ្រូឧទ្ទេសនាមឣស់រយ:ពេល២ថ្ងៃប្រកបដោយជោគជ័យ ដោយស្មារតីទទួលខុសត្រូវ និងគោរពវិន័យបានល្អ។

ទន្ទឹមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានណែនាំដល់អាវុធហត្ថទាំង២ខេត្ត ត្រូវយកចំណេះជំនាញទាំងអស់នេះ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះឧបទ្ទវហេតុផ្សេងៗ ជាពិសេសគ្រោះអគ្គីភ័យដែលតែងតែកើតមានឡើង។

លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ០៣ថ្ងៃ នេះ គ្រូឧទ្ទេសនាមបានធ្វើបទបង្ហាញនូវមេរៀនចំនួន ៥៖

១៖ បទបង្ហាញអំពីច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងអគ្គិភ័យ,
២៖ នីតីវិធីបង្ការអគ្គិភ័យ និងការសង្គ្រោះ,
៣៖ តួនាទីភារកិច្ចរបស់ភ្នាក់ងារពន្លត់អគ្គិភ័យ,
៤៖ បច្ចេកទេសក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ,
៥៖ បច្ចេកទេសក្នុងការពន្លត់អគ្គិភ័យ (ការពន្លត់អគ្គិភ័យលើសារធាតុរឹង, ការពន្លត់អគ្គិភ័យលើសារធាតុរាវ, ការពន្លត់អគ្គិភ័យលើឧស្ម័ន, សំណង់អាគារច្រើនជាន់) -ល-។

លោកឧត្តនសេនីយ៍ទោ សឿ រិទ្ធី ក៏បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឲ្យសិក្ខាកាមសិក្សាស្វែងយល់ នូវអ្វីដែលជាចំណេះដឹងក្នុងការហ្វឹកហាត់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ អនុវត្តទាំងបាញ់ដោយថ្មើរជើង និងលើរថយន្តអគ្គិភ័យផងដែរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឣស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះករណីអគ្គីភ័យនៅក្នុងរដូវក្តៅនេះ អភ្គិភ័យអាច និងងាយកើតមានឡើង បើយើងមិនមានប្រុងប្រយ័ត្នខ្ពស់ តាមរយៈប្រើប្រាសភ្លើងធូប ទៀន អគ្គិសនី ឬហ្គាសជាដើម។

សូមបញ្ជាក់ផងដែរថា ក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះដែលមាន រយៈពេល៣ថ្ងៃ សិក្ខាកាមដែលបានចូលរួមសរុប១១៦នាក់ ក៏ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ផងដែរ៕