(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីជំនាញបច្ចេកទេស និងបទពិសោធការងារសវនកម្ម ដល់មន្រ្តីសវនកម្មផ្ទៃក្នុង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើ

ជំនាញបច្ចេកទេសពាក់ព័ន្ធនឹងការងារសវនកម្មផ្ទៃ ដល់មន្រ្តីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានមន្ដ្រីគយនិងរដ្ឋាករជាសិក្ខាកាមចូលរួមសរុបចំនួន ៣៧ រូប។

វគ្គបណ្ដុះបណ្ដាលនេះជាការរៀបចំលើកទី២ ដែលលើកទី១ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២១។ វគ្គបណ្ដុះបណ្ដាលនេះដឹកនាំដោយផ្ទាល់ពី លោកបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការចូលរួមដោយសហការីជំនាញជាគ្រូឧទ្ទេសនាម មកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ស្របតាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាលពីភាពចាំបាច់នៃការងារសវនកម្មផ្ទៃក្នុង សម្រាប់គ្រប់ក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ ក្នុងការសម្រេចនូវវត្ថុបំណង និងចក្ខុវិស័យរបស់ខ្លួន, ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ជាការអនុវត្តអភិក្រម បុរេសកម្ម និងសកម្ម របស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ដ្រីគយនិងរដ្ឋាករលើការងារសវនកម្មផ្ទៃក្នុង ដើម្បីបន្ដចូលរួមពង្រឹងអភិបាលកិច្ច ការផ្ដល់សេវាសាធារណៈ និងការកៀរគរចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

វគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃនេះ បានគ្រប់ដណ្ដប់លើប្រធានបទគន្លឹះចំនួន ៨ រួមមាន (១.)ទិដ្ឋភាពទូទៅនៃសវនកម្ម, (២.)អភិក្រមសវនកម្មផ្អែកលើដំណើរការមានហានិភ័យ, (៣.)ដំណើរការសវនកម្មផ្ទៃក្នុង, (៤.)ការអនុវត្តនីតិវិធីសវនកម្ម ជាករណីសិក្សា, (៥.)ការសរសេររបាយការណ៍សវនកម្មផ្ទៃក្នុង, (៦.)ការតាមដានការអនុវត្តអនុសាសន៍, (៧.)ការងារមួយចំនួនត្រូវអនុវត្តពេលបញ្ចប់សវនកម្ម និង (៨.)សវនកម្មបច្ចេកវិទ្យាព័ត៌មាន។

បន្ថែមលើនេះ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ និងចែករំលែកនូវចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងបទពិសោធល្អជាច្រើនផ្សេងទៀតពាក់ព័ន្ធនឹងការងារសវនកម្មផ្ទៃក្នុងដល់សិក្ខាកាម ដែលនឹងចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារសវនកម្មផ្ទៃក្នុងរបស់ អគរ ឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត៕

http://image.freshnewsasia.com/2021/id-022/fn-2024-04-30-20-40-03-0.JPG http://image.freshnewsasia.com/2021/id-022/fn-2024-04-30-20-40-04-1.JPG http://image.freshnewsasia.com/2021/id-022/fn-2024-04-30-20-40-05-2.JPG