(ភ្នំពេញ)៖ ជនមានពិការភាពមួយក្រុម ដែលជាសមាជិករបស់សហគមន៍ខ្មែរឯករាជ្យ ស្ថិតក្នុងខេត្តសៀមរាប បានកែច្នៃរបស់ប្រើប្រាស់ឡើងវិញ ដូចជាសំបកកង់ឡាន លួស និងថ្មធម្មជាតិជាដើម បង្កើតទៅជាវត្ថុអនុស្សាវរីយ៍ សម្រាប់លក់ឱ្យអ្នកទេសចរណ៍នៅក្នុងស្រុក និងនាំទៅលក់នៅក្រៅប្រទេស ដើម្បីបង្កើតចំណូលដល់ជនមានពិការភាពដែលពិបាករកការងារធ្វើ។

លោក មុយ សឺ (ហៅប៊ែល) ប្រធានសហគមន៍ខ្មែរឯករាជ្យ ដែលបាននាំយកវត្ថុអនុស្សាវរីយ៍ទាំងនេះមកបង្ហាញនៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានប្រាប់អ្នកសារព័ត៌មាន Fresh News ថា សហគមន៍ខ្មែរឯករាជ្យ មានក្រុមជនមានពិការភាពចំនួន៣៦បាន ដែលយករបស់ដែលគេឈប់ប្រើប្រាស់មកកែច្នៃឡើងវិញ ដូចសំបកកង់ឡានត្រូវបានកែច្នៃទៅជាកាបូបដាក់លុយ កាបូបដាក់ទូរសព្ទ និងកាបូបស្ពាយដាក់ឥវ៉ាន់ជាដើម ដែលមានតម្លៃចាប់ពី១០ដុល្លារឡើងទៅ។ លួសខ្សែភ្លើង បានកែច្នៃទៅជាកងដៃ ក្រវិល។ ចំណែកថ្មកែវ ថ្មធម្មជាតិ យកមកពីភ្នំដែលយកមកពីខេត្តព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ជាដើម បានយកមកកែច្នៃធ្វើជាបណ្តោងខ្សែក កងដៃ ក្រវិល ចិញ្ចៀន ធ្វើជាវត្ថុអនុស្សាវរីយ៍។

លោកបានឱ្យដឹងផងដែរថា លោកបានចាប់ផ្តើមធ្វើវត្ថុអនុស្សាវរីយ៍ទាំងនេះ ធ្វើកាលពីឆ្នាំ២០០៧ តាមរយៈការរៀនដោយខ្លួនឯងពីតាមយូធូបជាដើម។ តែយ៉ាងណាកាលនោះអតិថិជនខ្មែរ ហាក់មិនសូវមានការចាប់អារម្មណ៍នោះទេ ប៉ុន្តែរបស់ទាំងនេះ ទទួលបានការពេញចិត្តច្រើន ពីអតិថិជនបរទេស ហេតុនេះហើយ ទើបទទួលបានការបញ្ជាទិញច្រើនពីប្រទេសមួយចំនួន ដូចជាពីអាមេរិក អាល្លឺម៉ង់ អូស្រ្តាលី ជារៀងរាល់ខែ។

លោកបានលើកឡើងថា «ខ្ញុំដាក់គោលដៅទៅខាងបរទេស បរទេសគេពេញចិត្តខ្លាំងណាស់ គេថារបស់យើងដែលកែច្នៃបាននេះ គឺយើងមានគំនិតអស្ចារ្យ ដែលបានកែច្នៃរបស់អ៊ីចឹងមកប្រើប្រាស់ឡើងវិញបាន ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងបច្ចុប្បន្នគឺ គាត់ផ្លាស់ប្តូរគំនិត ចាប់អារម្មណ៍ដែរ»។

បច្ចុប្បន្ននេះ វត្ថុអនុស្សាវរីយ៍ដែលបង្កើតឡើងក្រុមជនមានពិការភាព បាននិងកំពុងដាក់លក់ក្នុងខេត្តសៀមរាប ក្នុងហាង Mede in Cambodia market, ផាប់ស្រ្ទីត និងដាក់លក់នៅតាមវេទិកា ឬពិព៌រណ៍ផ្សេងៗ។

លោកបានឱ្យដឹងថា ការបង្កើតក្រុមផលិតវត្ថុអនុស្សាវរីយ៍ពីរបស់ប្រើប្រាស់ឡើងវិញនេះ បានជួយដល់ជីវភាពជនមានពិការភាពបានយ៉ាងច្រើន ខណៈដែលជនពិការមួយចំនួនពិបាកក្នុងការរកការងារធ្វើ។ ការកែច្នៃវត្ថុអនុស្សាវរីយ៍ទាំងនេះ បានជួយឱ្យពួកគាត់មានការងារធ្វើ បានបញ្ចេញសមត្ថភាព និងមានលទ្ធភាពរកចំណូលចិញ្ចឹមខ្លួនឯង និងក្រុមគ្រួសារផងដែរ៕