(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរសវនកម្មជាតិ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរ ជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ នៃរដ្ឋបាលខេត្តព្រះវិហារ សរុបចំនួន១១៤នាក់។

អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងលោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ និងមានការចូលរួមពីលោក ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ។

លោក អ៊ុង វុទ្ធី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តព្រះវិហារ ការរៀបចំឲ្យមានអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏វិសេសមួយក្នុងការស្វែងយល់អំពី «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» អាស្រ័យហេតុនេះ លោកក៏បានជំរុញអង្គសិក្ខាសាលាទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់នូវអនុសាសន៍គោលការណ៍ដឹកនាំរបស់គណៈអធិបតី និងខ្លឹមសារ បទបង្ហាញរបស់គ្រូឧទ្ទេស ដោយត្រូវកត់ត្រានូវ ចំនុចសំខាន់ៗ និងលើកជាសំណួរឲ្យបានផុសផុល ដើម្បីបានជាចំណេះដឹងបច្ចេកទេសក្នុងការអនុវត្ត ការងារជាក់ស្តែងឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ុក សារាវុធ បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅបញ្រ្ចាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះ ដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការ ដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរ។ យន្តការនេះ នឹងជួយអាជ្ញាធរសវនកម្មជាតិអនុវត្តការងារសវនកម្ម ប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឲ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រង ធនធានទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាម នៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម ដោយកំណត់លើ៣ចំណុចសំខាន់ៗ រួមមាន៖ ទី១៖ គោលបំណង នៃការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ, ទី២៖ ខ្លឹមសារនៃច្បាប់ស្តីពីសវនកម្ម និងទី៣៖ ខ្លឹមសារ នៃស្តង់ដារសវនកម្មសាធារណៈជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង ស្រុក សង្កាត់ ឃុំទាំងអស់ ចំណុះរដ្ឋបាលខេត្តព្រះវិហារ៕