(កែប)៖ កម្លាំងនគរបាល ការិយាល័យកណ្តាលប្រឆាំងបទល្មើស សហការជាមួយកម្លាំងនគរបាលក្រុងកែប និងនគរបាលប៉ុស្តិ៍មូលដ្ឋាន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបករណីរក្សាទុក ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅសណ្ឋាគារ «អូប៉ារ៉ាឌីប្លឺ» ស្ថិតនៅភូមិកែប សង្កាត់-ក្រុង-ខេត្តកែប ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ក្នុងនោះ ជនសង្ស័យម្នាក់ជាមុខងារ ប្រធានសាខាសារព័ត៌មាន «កម្ពុជាជោគជ័យ» ប្រចាំខេត្តកំពត។

ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី អ៊ី សំអុល បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ តាន់ លុន អាយុ៣៣ឆ្នាំ រស់នៅភូមិកោះគ្រឹស្នា ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតគឺជាអ្នកកាសែត ដែលមុខសញ្ញានេះ ធ្លាប់ជាប់ទោស៤ឆ្នាំ (អនុវត្តន៍ទោស ២ឆ្នាំ ក្នុងពន្ធនាគារខេត្តកំពត ពីថ្ងៃ២៥ ខែមករា ឆ្នាំ២០១២ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ និង ព្យួរទោស២ឆ្នាំ ពីបទចរាចរ បែងចែក ចាត់ចែងឲ្យប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ទី២-ឈ្មោះ ម៉ា រីដា ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិសាលាលេខ៥ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃជាស្រីខារ៉ាអូខេ នៅហាង «ម្លប់ស្បូវស្រីពេជ្រ» ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងជាស្រីស្នេហ៍របស់ឈ្មោះ តាន់ លុនឃាត់ខ្លួននៅបន្ទប់ដេក ក្នុងសណ្ឋាគារខាងលើ ជាមួយតាន់ លុន និងទី៣-ឈ្មោះ ទ្រី សុភា អាយុ២០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោក ដែលបានធ្វើឡើងក្រោម ការសម្របសម្រួលពី តំណាងអយ្យការផងនោះ បានដកហូត ម្សៅក្រាមស (ម៉ាទឹកកក) ២ កញ្ចប់ ម្សៅWYពណ៌ទឹកក្រូចកិនហើយ ១កញ្ចប់ បំពង់ជក់១កំប្លេរ ទូរស័ព្ទដៃ ៥គ្រឿង បណ្ណ័សំគាល់ប្រធានសាខាកាសែត១ និងម៉ូតូសេ ១២៥មួយគ្រឿង។

ជាមួយគ្នានេះកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលខេត្តកែប ក៏បានចាប់ខ្លួនជនសង្ស័យម្នាក់ ផងដែរពាក់ព័ន្ធករណីចែកចាយ គ្រឿងញៀននៅផ្លូវលំ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ជនសង្ស័យមានឈ្មោះ តាន់ ប៉ូ ហៅជ្រង អាយុ២៦ឆ្នាំ មុខរបរជាងផ្សារដែក សព្វថ្ងៃរស់នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ដែលការចាប់ខ្លួននេះ បានធ្វើឡើងក្នុងជនសង្ស័យ ជិះម៉ូតូម្នាក់ឯងយកថ្នាំញៀន ទៅបំរុងចែកចាយនៅមូលដ្ឋានខាងលើ។

ក្រោយការចាប់ខ្លួនកម្លាំង នគរបាលបានដកហូតថ្នាំញៀន ចំនួន ៦កញ្ចប់ និងលុយមួយចំនួនផងដែរ។ សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបាននគរបាលកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕