(ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញ ទៅដល់ទីក្រុងណាន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាពហើយ នៅវេលាម៉ោង១០៖៤០នាទី (ម៉ោងនៅប្រទេសចិន) ត្រូវនឹងម៉ោង៩៖៤០នាទី ​(ម៉ោង​ក្នុង​ប្រទេសកម្ពុជា)។ នេះបើយោងតាម Facebook Page ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។

យោងតាម Facebook Page ដដែលបានបញ្ជាក់ឲ្យដឹងទៀតថា យន្តហោះពិសេសរបស់កម្ពុជា បានចុះចតប្រកបដោយ សុវត្តិភាព នៅអា​កាសយានដ្ឋានអន្តរជាតិវូស៊ូ ទីក្រុងណាននីង ក្រោមវត្តមាន នៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាង ស្និតស្នាលកក់ក្ដៅបំផុតពីសំណាក់ថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប ពិសេសការស្វាគមន៍ពីក្រុមរបាំ ប្រពៃណីខេត្តក្វាងស៊ី។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និង​ស្នាក់នៅទីក្រុង ក្វាងស៊ី ប្រទេសចិន រយៈពេល២យប់៣ថ្ងៃ ដើម្បី​ចូល​រួមពិព័រណ៌ចិន-អាស៊ាន លើកទី១៣ និងវេទិ​កា​ស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន លើកទី១។ ក្រៅពីការ​អញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់ទាំងពីរនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគី ជាមួយ​ ឧបនាយករដ្ឋមន្រ្តីចិន មន្រ្តីជាន់ខ្ពស់ ខេត្តក្វាងស៊ី រួមទាំងការធ្វើដំណើរ ទស្សនកិច្ច ក្នុងតំបន់មួយចំនួន របស់ខេត្ត​ក្វាងស៊ី​ផងដែរ៕