(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុង និងទេសរដ្ឋមន្ដ្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ព្រមទាំងមន្ដ្រីពាក់ព័ន្ធផ្សេងទៀត នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យការបោះពុម្ពលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា។ ការចុះត្រួតនេះ ត្រូវបានធ្វើឡើងនៅ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅក្រសួងអប់រំ យុវជន និងកីឡា។

សូមជំរាបថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ(បាក់ឌុប) សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងត្រូវប្រកាស នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះហើយ រីឯតាមបណ្តាខេត្តផ្សេងៗ នឹងប្រកាស នៅថ្ងៃស្អែក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ។

លទ្ធផលការប្រឡងសញ្ញាបត្របាក់ឌុបនេះ ក៏នឹងប្រកាសលើបណ្តាទំនាក់ទំនង Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia facebook.com/moeys.gov.kh ផងដែរ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ បានប្រព្រឹត្តិទៅរយៈពេល ពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡង សរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា ៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។

កន្លងទៅក្រសួងអប់រំចង់ប្រកាស នៅថ្ងៃទី១៣ និង១៤ ខែកញ្ញានេះ ប៉ុន្តែត្រូវប្តូរពេលមកនៅថ្ងៃទី១០ និង​១១ ខែកញ្ញាវិញ៕