(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី ឈ្មោះថា Almaz Antey Concern បានចាប់ផ្ដើមធ្វើការអភិវឌ្ឍហើយ នូវប្រព័ន្ធមីស៊ីល ការពារដែនអាកាស រយៈចំងាយមធ្យម ជំនាន់ទី៥ របស់ខ្លួន ខណៈទីក្រុងមូស្គូ កំពុងមានភាពតានតឹង ជាមួយនឹងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នំា ២០១៦។

អ្នកតំណាងម្នាក់នៃ ក្រុមហ៊ុន Almaz Antey Concern បានលើកឡើងនៅក្នុងវេទិការអន្តរជាតិ ស្ដីពីបច្ចេកវិទ្យាយោធា ឆ្នំា ២០១៦ យ៉ាងដូច្នេះថា « ប្រព័ន្ធមីស៊ីលការពារដែន អាកាស រយៈចំងាយមធ្យម ជំនាន់ទី ៥នេះ គឺអភិវឌ្ឍន៍ឡើងតាមរយៈ ការធ្វើសមាហរណកម្មយ៉ាង ស៊ីជម្រៅជាមួយនឹង ប្រព័ន្ធការពារដែនអាកាសមានតែមួយស្រទាប់គត់ ដោយមានការគំាទ្រ ពីបណ្ដាញប្រព័ន្ធ គ្រប់គ្រងផ្នែកកណ្ដាល ហើយជាងនេះទៅទៀតនោះ ប្រព័ន្ធមីស៊ីលថ្មីនេះ មានទម្ងន់ស្រាល តែវាអាចបង្កើនសមត្ថភាពបាញ់ចេញដល់ទៅ ១,៥ ដង។

គួររំលឹកដែរថា កាលពីរដូវក្ដៅកន្លងទៅ ក្រុមហ៊ុន Almaz Antey Concern បានធ្វើតេស្ដ សាកល្បងប្រកបដោយជោគជ័យ លើប្រព័ន្ធមីស៊ីល BUK M៣ ជំនាន់ទី៤ របស់ខ្លួន ដែលមាន សមត្ថភាពខ្លាំងក្លា៕