(បាត់ដំបង)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារយុវជនគណបក្ស  បានឲ្យដឹងដែរថា ដើម្បីធានានូវ ប្រសិទ្ធិភាពការងារ របស់យុវជន នៅទូទាំងខេត្តនោះរាល់ សមាសភាពថ្នាក់ដឹកនាំ ក្រុមការងារសកម្មជន របស់គណបក្សថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិទាំងអស់ គួរតែកើតចេញ ពីការបោះឆ្នោតទាំងអស់ ទើបជាការប្រសើរ និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។

លោកបណ្ឌិតបានបន្ថែមថា «ដើម្បីគ្រប់គ្រង យុវជន ប្រកបដោយគុណភាព ទទួលបានប្រៀបឈ្នះ លើគណបក្សដ៏ទៃ ថែមទាំងបានជំរុញដល់យុវជន ឲ្យខិតខំឲ្យបំពេញតួនាទី អនុវត្តគោលនយោបាយ របស់​គណបក្សឲ្យបានសកម្មថែមទៀត និងត្រូវបញ្ចេញ នូវសមត្ថភាពដែលខ្លួនមានចូលរួមគ្រប់កិច្ចការ មនុស្សធម៌និងសង្គម ស្របតាមគោលនយោបាយ យុវជនភាវូបនីយកម្ម ឲ្យក្លាយជាអ្នកបន្តវេនពិតប្រាកដ ប្រកបដោយថាមពលពីអ្នកជំនាន់មុន ដែលតែងតែប្រកាន់ ខ្ជាប់ឯកភាពផ្ទៃក្នុងជាកត្តាស្លាប់រស់របស់បក្ស»

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញ ជាអធិបតីប្រកាសស្តីពីការកែសម្រួល សមាសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ចំនួន២ស្រុក គឺស្រុកឯកភ្នំ និងស្រុករតនមណ្ឌល ដែលប្រពឹត្តទៅ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានសមាជិកសរុបចំនួន ៤៥០នាក់។

ក្នងឱកាសនោះ លោកបណ្ឌិតក៏បានជំរាបជូន អំពីសភាពការណ៍ បច្ចុប្បន្ននិងសមិទ្ធិផលធំៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា សំរេចបានពិសេសគឺកត្តាសន្តិភាព ឯកភាពទឺកដី និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដោយសារ ការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយបញ្ញាញាណ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល តំកល់ប្រយោជន៍រាស្រ្តជាធំ៕