(ភ្នំពេញ)៖ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ តំណាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ព្រមទាំងមន្ដ្រីរាជការផ្សេងទៀត បានចូលរួមក្នុងពិធី បុកគ្រឹះសាងសង់ផ្ទះជូនលោកយាយ សឹុម នីន ស្ថិតក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ដែលជាអតីតមេបញ្ជាការទ័ពស្រី មានទាហាន ១៥០នាក់ ក្រោមការគ្រប់គ្រង លោកឧត្តមសេនីយ៍ ខ្វាន់ សៀម ក្នុងឆ្នាំ១៩៧៧។

លោកអធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ផ្ទះមួយខ្នងដែលត្រូវសាងសង់នេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេច សាយ ឈុំ ជូនចំពោះអតីតយុទ្ធជន ដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ ចំពោះបុព្វជាតិមាតុភូមិ ដើម្បីឲ្យគាត់រស់នៅបានសមរម្យ ហើយនេះក៏បញ្ជាក់អំពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំប្រទេស មកលើពលរដ្ឋ។

អ្នកស្រី សឹុម នីន អតីតជាស្ត្រីមេទ័ពដ៏ក្លាហាន ធ្លាប់ដឹកនាំកូនទាហាន ចេញប្រយុទ្ធនៅលើសមរភូមិរាប់មិនអស់ តាំងពីសម័យតស៊ូវាយ រំដោះប្រទេសពីរបបខ្មែរក្រហម រហូតដល់សម័យសង្គ្រាមស៊ីវិល ហើយក្រោយមកអ្នកស្រីត្រូវបានរំសាយចេញពីកងទ័ព នាសម័យ អ៊ុនតាក់ បច្ចុប្បន្នអ្នកស្រីកំពុងជួបបញ្ហាជីវភាពខ្វះខាតនោះ ឥឡូវត្រូវបានសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា យកចិត្តទុកដាក់ជួយឧបត្ថម្ភឲ្យមានជីវភាពល្អប្រសើរឡើងវិញ បន្ទាប់ពីសម្ដេចទាំងពីរទទួលបាន ព័ត៌មានពីការខ្វះខាត ខាងជីវភាពរបស់ អតីតយុទ្ធជននេះរួចមក៕