(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារយោធិន ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣។

តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចពិជ័យសេនា ទៀ បាញ់ បានរៀបរាប់យ៉ាងដូច្នេះថា៖ លោក លោកស្រីក្រុមគ្រួសារយោធិនពលី ជាទីរាប់អាន ខ្ញុំ និងភរិយាមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ហាការយោធភូមិភាគទី៣ កាលពីថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧
ខែមេសា ឆ្នាំ២០២៤ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនរងរបួស។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន នាយទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីទាំង២០នាក់ សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោក លោកស្រីក្រុមគ្រួសារយោធិនពលី ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ៕