(ទុយនេស៊ី)៖ នាយករដ្ឋមន្ត្រីប្រទេសទុយនេស៊ី លោក Youssef Chahed បាននឹងកំពុងកាត់ប្រាក់ខែរដ្ឋមន្រ្តីទាំងអស់ ចំនួន៣០ភាគរយ ដោយវាគឺជាផ្នែកមួយចលនាសញ្ញា ក្នុងការរៀបចំការចំណាយសាធារណៈឲ្យបានត្រឹមត្រូវ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ជំហាននេះអាចដូចទៅនឹងការរៀបចំ សម្រាប់ការប្រកាសវិធានការដ៏តឹងរឹង ដែលលោកនាយករដ្ឋមន្ត្រីបានប្តេជ្ញាក្នុងការធ្វើឡើង ប្រសិនបើភាពលំបាកនៃសេដ្ឋកិច្ចទុយនេស៊ី នៅបន្តក្នុងឆ្នាំនេះ។

ប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកភាគខាងជើងនេះ បាននឹងកំពុងជួបការលំបាកជាមួយនឹងចំណូលទេសចរណ៍កាន់តែទាប បន្ទាប់ពីមានការវាយប្រហារចំនួន២លើក ដោយក្រុម ISIS លើក្រុមភ្ញៀវទេសចរបរទេសកាលពីឆ្នាំមុន ដោយនេះគឺជាការវាយប្រហារចំលើឧស្សាហកម្មដ៏សំខាន់មួយរបស់ខ្លួន។

រដ្ឋាភិបាលនឹងកាត់ប្រាក់ខែម្នាក់ៗគ្រប់រដ្ឋមន្រ្តី​ទាំង៤០រូប ដែលទទួលបានប្រមាណ១,៨០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ដោយកាត់ប្រមាណ៥០០ដុល្លារសហរដ្ឋអាមេរិក។ មន្ត្រីរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា ជំហានបន្ទាប់ អាចនឹងកាត់ប្រាក់រង្វាន់របស់ក្រុមមន្ត្រីជាន់ខ្ពស់ នៅក្នុងវិស័យសាធារណៈ៕