(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ អ៊ុំ តារ៉ា ដែលត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ចាប់ខ្លួននៅមុខតុលាការក្រុងភ្នំពេញ កាលពីព្រឹកមិញ ហើយត្រូវបានដោះលែងវិញ នាពេលភ្លាមៗនោះ បានអះអាងថា ខ្លូនមិនមែនជាសកម្មជន គណបក្សសង្គ្រោះជាតិ ដូចការចោទប្រកាន់នោះទេ ខ្លូនគ្រាន់តែជាអ្នកបាយធម្មតាតែប៉ុណ្ណោះ ហើយមូលហេតុដែលខ្លួនឡើង ទៅកាន់ម៉េក្រូនោះ គឺដោយសារតែថ្នាក់ដឹកនាំ CNRP នៅទៅនោះបានប្រើ។

លោក អ៊ុំ តារ៉ា មានអាយុ៣៦ឆ្នាំ មុខរបរលក់បាយ ទីលំនៅសព្វថ្ងៃផ្ទះលេខ6C ផ្លូវសីសុវត្តិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រៀនចប់អនុបណ្ឌិតរដ្ឋបាលសាធារណ:។

អ៊ុំ តារ៉ា បានបញ្ជាក់ថា លោកទៅមុខតុលាការព្រឹកមិញនេះ គឺមានគោលបំណងមកស្ដាប់ការកាត់ក្ដី លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ ហើយក្រោយមកឈ្មោះ ផល្លា ដែលជាក្រុមប្រឹក្សា CNRP បានប្រើឲ្យខ្លួនយកមេក្រូស្រែក។

លោល អ៊ុ តារ៉ា បានសារភាពនៅមុខសមត្ថកិច្ច យ៉ាងដូច្នេះថា «ឈ្មោះ ផល្លា បំរើការងារបក្សសង្គ្រោះជាតិ រាជធានី បានឲ្យមេក្រូខ្ញុំមួយគ្រឿង ហើយឲ្យខ្ញុំស្រែកថា ស្នើឲ្យតុលាការទម្លាក់ ការចោទប្រកាន់ លើមន្ដ្រីអង្គការសង្គមស៊ីវិល និងឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ស្រាប់តែពេលខ្ញុំស្រែកនោះសមត្ថកិច្ច បានចាប់យកមេក្រូពីខ្ញុំ ហើយក៏ប្រតាយប្រតប់គ្នា ពេលនោះសមត្ថកិច្ចបាននាំខ្លូនខ្ញុំ ទៅអធិការដ្ឋានខណ្ឌតែម្ដង»

សូមបញ្ជាក់ថា នៅម៉ោងប្រមាណ ៩៖៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ មានការរុញច្រាន និងប៉ះពារគ្នាបន្តិចបន្តួច រវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ (CNRP) ជាមួយកងកម្លាំងសមត្ថកិច្ច នៅមុខសាលាដំបូងរាជធានីភ្នំពេញ, ហើយបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅអធិការខណ្ឌ។

មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួន អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិរូបនេះ គឺដោយសារតែគាត់បានកាន់ម៉េក្រូ ស្រែកបំពងសម្លេង ពេលនោះសមត្ថកិច្ចបានទៅ ឃាមឃាត់ និងដកហូត តែមិនឲ្យទើបកម្លាំងសមត្ថកិច្ច សម្រេចធ្វើការឃាត់ខ្លួនតែម្តង៕