(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈឆ្មបកម្ពុជាបានថ្លែងថា ការចុះបញ្ជីរបស់ឆ្មបនៅទូទាំងប្រទេស បច្ចុប្បន្នបានចំនួន៤៨០៥នាក់ ក្នុងចំណោមឆ្មប៥៣៤៩នាក់ ស្មើរនឹង៨៩ភាគរយ ក្នុងឆ្នាំ២០១៥ ហើយអាចកើនឡើង ដល់ប្រមាណ៩២ភាគរយ ក្នុងឆ្នាំ២០១៦នេះ។

ការថ្លែងរបស់សាស្ដ្រាចារ្យ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការចុះបញ្ជីឆ្មប និងការចុះបញ្ជីឡើងវិញ របស់គណៈឆ្មបកម្ពុជា ដល់និយោជកឆ្មបឯកជន នៅសណ្ឋាគារសាន់វ៉េ។ ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីលោក លោកស្រី មន្ដ្រីជំនាញ នៃក្រសួងសុខាភិបាល និងលោកគ្រូពេទ្យ អ្នកគ្រួពេទ្យឆ្មប ជាច្រើនអ្នកផងដែរ។

លោកបន្ថែមថា អ្វីដែលគណៈឆ្មបចង់បានក្រោយបញ្ចប់សិក្ខាសាលានេះគឺ ចំនួនឆ្មបដែលកំពុងប្រកបវិជ្ជាជីវៈនៅសេវាឯកជន មកចុះបញ្ជីការជាមួយគណៈឆ្មបកម្ពុជា នឹងមានការកើនឡើង ហើយឆ្មបទាំងអស់បានយល់ដឹងពីស្ដង់ដារ និងលក្ខខណ្ឌតម្រូវក្នុងការចុះបញ្ជីឡើងវិញ នូវរៀងរាល់៣ឆ្នាំម្ដង ជាពិសេសបង្កើនទំនាក់ទំនង និងសហការការងារ ឲ្យបានជិតស្និទជាមួយឆ្មបទាំងអស់ ក្នុងគោលបំណងរួមមួយ គឺបង្កើនគុណភាពសេវា និងកាត់បន្ថយអត្រាមរណភាព មាតា និងទារក នៅទូទាំងប្រទេស៕

ព័ត៌មានលម្អិតសូមស្ដាប់ប្រសាសន៍រ​បស់លោកសាស្ដ្រាចារ្យ ធា គ្រុយ៖