(ភ្នំពេញ)៖ យប់មិញនេះប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើប និងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមហាបុរសរដ្ឋប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោមានភាពច្បាស់លាស់ និងដាច់ណាត់ដែលបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានលក្ខណ:វិទ្យាសាស្ត្រខ្ពស់បំផុត ពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ។

បើតាមលោកបណ្ឌិត គិន ភា, ប្រសាសន៍នេះក៏ជាការផ្ញើសារដ៏ច្បាស់លាស់មួយទៅកាន់មេដឹកនាំវៀតណាម ដែលបណ្ដោយឲ្យមន្ត្រីរបស់ខ្លួនវាយប្រហារកម្ពុជាម្តងហើយម្តងទៀត ជុំវិញគម្រោងព្រែកជីកនេះបើទោះបីកម្ពុជាធ្លាប់ពន្យល់ច្រើនលើកច្រើនសារហើយក៏ដោយ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ»  និងបានសន្យាដាក់ជីវិតក្នុងកសាងព្រែកជីកនេះឱ្យបាន។

លោកបណ្ឌិត គិន ភា បានអះអាងថា «យើងពិតជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ឆ្លាតវៃ មានចក្ខុវិស័យវែងឆ្ងាយ មានការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានសេចក្តីក្លាហានចំពោះមុខសម្ពាធនានា។ គ្រប់កាលៈទេសៈ សម្តេចតេជោ តែងតែឈរយ៉ាងរឹងមាំដើម្បីការពារផលប្រយោជន៍ជាតិ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ ឯករាជ្យ បូរណភាពទឹកដី កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងវិបុលភាពសម្រាប់ប្រជាជាតិខ្មែរយើង»។

លោកគូសបញ្ជាក់ទៀតថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាយើងត្រូវតែសាងសង់ព្រែកជីកនេះឱ្យខាងតែបាន ដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង ដោយអនុវត្តយុទ្ធសាស្ត្រ «ឆ្កែចេះតែព្រះ រទេះចេះតែបរ» ។

នៅពេលយើងមានព្រែកជីកនេះ យើងនឹងធូរច្រមុះហើយ យើងមិនចាំបាច់ខ្ចីបំពង់អុកស៊ីហ្សែនរបស់នរណាមកដកដង្ហើមទៀតទេ, យើងអាចកាត់បន្ថយភាពអាស្រ័យទៅលើអ្នកជិតខាងបានច្រើនហើយ។

ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ គ្រប់ស្រទាប់វណ្ណៈ ត្រូវតែស្រុះដៃគ្នាក្នុងចរន្តតែមួយជាមួយថ្នាក់ដឹកនាំយើង ជាមួយរាជរដ្ឋាភិបាលយើង ក្នុងការជំរុញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះឱ្យលេចចេញជារូបរាងឆាប់ៗ។ គម្រោងនេះ គឺជាការសាកល្បងដ៏សំខាន់ណាស់ចំពោះភាពរឹងមាំនៃកម្លាំងឯកភាពជាតិ សាមគ្គីជាតិ និងភាពធន់នៃជាតិយើង៕