(ហ្សាការតា)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រាប់លោក បារ៉ាក់ អូបាម៉ា ថា លោកផ្ទាល់មិនដែល មានបំណងជេរមេដឹកនាំអាមេរិករូបនេះថា «កូនមីស្រីសំផឹង» នោះឡើយ តែទោះបីជាយ៉ាង លោក Duterte នៅតែរក្សាគោលជំហរ របស់ខ្លួនក្នុងការធ្វើសង្រ្គាមបោសសំអាត ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន និងមិនតែប៉ុណ្ណោះលោកថែមទំាងបានហៅ អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិលោក បាន គីមូន ថា «មនុស្សល្ងង់» ដែលចេះតែលើកឡើងពីបញ្ហាសិទ្ធិមនុស្ស។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន  Channel News Asia នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នំា ២០១៦។

ការលើកឡើងបែបនេះរបស់ លោក Duterte ធ្វើឡើងនៅចំពោះមុខពលរដ្ឋហ្វីលីពីន ជាច្រើននាក់ ក្នុង   ឱកាសដែល លោកបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ ប្រធានាធិបតីហ្វីលីពីន រូបនេះ បានបញ្ជាក់ទៀតថា លោកមិនបានប្រើពាក្យ ជេរប្រមាថ ដោយផ្ទាល់ ឬវាយប្រហារលើលោក អូបាម៉ា នោះទេ ហើយលោកក៏បានប្រាប់រឿងនេះទៅកាន់លោក អូបាម៉ា ដែរ។

«ខ្ញុំពិតជាបាននិយាយដូច្នោះមែន តែមិនមានជាប់ពាក់ព័ន្ធនឹង លោក អូបាម៉ា នោះទេ ហើយខ្ញុំក៏មែន កំពុងប្រយុទ្ធប្រឆំាងនឹងសហរដ្ឋអាមេរិកដែរ» នេះជាការលើកឡើងរបស់ លោក Duterte។ ដោយឡែក ទាក់ ទិននឹងរឿង លោក បាន គីមូន វិញ លោក Duterte បានហៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ រូបនេះថាមនុស្សល្ងង់ ដែលចេះតែលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា ចាប់តំាងពីលោក Duterte ជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន កាលពីខែឧសភា មក មានមនុស្សយ៉ាងហោចណាស់ ២,៤០០ នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងយុទ្ធនាការប្រយុទ្ធ   ប្រឆំាងនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងប្រទេស ហ្វីលីពីន៕