(ភ្នំពេញ)៖ តាមរយៈសំឡេងខ្លាំងៗពីលើវេទិកានៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសជំហរយ៉ាងដាច់ណាត់មិនចរចា ជាមួយភាគីណាមួយទៀតឡើយ ពិសេសប្រទេសវៀតណាម ដែលចេញមកជំទាស់រឿងកម្ពុជាកសាងព្រែកជីកហ្វូណន-តេជោ ដើម្បីផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ ហើយការកសាងនេះ គឺធ្វើឡើងត្រឹមត្រូវតាមការកំណត់របស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលបានចែងថា រាល់ការប្រើប្រាស់ដៃទន្លេមេគង្គ មិនចាំបាច់សុំការពិភាក្សាណាមួយឡើយ ពោលគ្រាន់តែជូនដំណឹងដល់ភាគីពាក់ព័ន្ធប៉ុណ្ណោះ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាដែលកំពុងសិក្សាកសាងនេះ គឺមិនបានប្រើប្រាស់ដៃទន្លេមេគង្គនោះឡើយ ពោលប្រើប្រាស់ដៃ របស់ដៃទន្លេមេគង្គ ដូច្នេះប្រសិនបើការកំណត់របស់គណៈកម្មាធិការទន្លេមេគង្គ នៅមានសុពលភាពនោះ កម្ពុជាមិនត្រូវការចរចាជាមួយភាគីណាមួយដែលជំទាស់លើការសាងសង់នោះឡើយ។ សម្ដេចថា ប្រសិនបើវៀតណាម ត្រូវការឯកសារបន្ថែមកម្ពុជាអាចផ្ញើជូនតាម ប៉ុន្ដែមិនត្រូវអនុម័តដោយកុងសងស៉ីសឡើយ។

ដើម្បីបញ្ជាក់កាន់តែច្បាស់នូវអ្វីដែលគណៈកម្មាធិការទន្លេមេគង្គបានកំណត់នោះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ តម្រូវឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀង ជូនដំណឹងដល់គណៈ កម្មាធិការទន្លេមេគង្គមុនពេលចាប់ផ្ដើមគម្រោង, កិច្ចព្រមព្រៀងមិនតម្រូវឲ្យភាគីហត្ថលេខីស្វែងរកការពិគ្រោះយោបល់ ឬការយល់ព្រមពីប្រទេសហត្ថលេខីផ្សេងទៀត ប្រសិនបើយើងប្រើប្រាស់ដៃទន្លេមេគង្គ។

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងអត់ទាំងបានប្រើប្រាស់ដៃទន្លេមេគង្គផង យើងប្រើប្រាស់ដៃ នៃដៃទន្លេមេគង្គ។ ឥលូវកម្ពុជា បានជូនដំណឹងនេះទៅគណៈកម្មាធិការទន្លេមេគង្គ តាំងពីខែកញ្ញា ឆ្នាំ២០២៣ អញ្ចឹងសុំកុំហៅកម្ពុជាទៅពិគ្រោះយោបល់ជាមួយអ្នកណា។ គេសិក្សាគេចេះណាស់ជាង៤០នាក់ នៃអ្នកបច្ចេកទេសមកសិក្សា។ ឥលូវសួរថា កិច្ចព្រមព្រៀងទន្លេមេគង្គវានៅមានសុពលភាពឬអត់ បើនៅមានសុពលភាពមិនចាំបាច់ខ្វល់ទៅចរចាជាមួយអ្នកណាទាំងអស់ ចង់ទៅមើលអី ទៅមើលឯកសារនៅគណៈកម្មាធិការទន្លេមេគង្គ ហើយបើខ្វះខាតឯកសារចង់សំណូមពរមកយើងអាចផ្ញើជូនឯកសារបន្ថែម ប៉ុន្ដែគ្មានការអនុម័តដោយកុងសងស៉ីសឲ្យធ្វើ ឬមិនឲ្យធ្វើទេ»។

មានប្រសាសន៍ដល់អ្នកដែលជំទាស់ និងប្រតិកម្មចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតឆ្លើយតបទៅកាន់ទណ្ឌិត សម រង្ស៉ី ជាមេក្លោងក្បត់ជាតិ៣ជំនាន់ ហើយកំពុងរត់ចោលស្រុក ដែលថាការកសាងនេះសម្រួលដល់កងទ័ពចិនឈរជើងនៅសមុទ្ររាមប្រើប្រាស់។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី គឺមិនស្គាល់ភូមិសាស្ដ្ររបស់ខ្មែរនោះឡើយ ហើយគិតថា ព្រែកជីកហ្វូណន-តេជោនេះ កាត់តាមសមុទ្ររាមទៅវិញ ទាំងដែលមិនពាក់ព័ន្ធគ្នាសោះ។ សម្ដេចបន្ដថា មួយថ្ងៃៗ មេឧទ្ទាមក្បត់ជាតិ៣ជំនាន់នេះ ជេរប្រមាថសម្ដេចជាអាយ៉ងរបស់វៀតណាម ប៉ុន្ដែបុគ្គលនេះមិនបានគិតអំពីផលប្រយោជន៍ជាតិខ្លួនឯង ហើយសម្ដេចផ្ដាំទៅអ្នកដែលគាំទ្រទណ្ឌិតនេះសូមគិតឲ្យបានច្បាស់។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបោះនូវក្ដីសង្ឃឹមថា មេដឹកនាំវៀតណាម គួរយល់ថា ហេតុអ្វីបានសម្តេចលើកឡើងបញ្ហានេះ ជាសាធារណៈបែបនេះ? ហើយមានការផ្សាយផ្ទាល់ថែមទៀតផង។ សម្ដេចបានសង្កត់ធ្ងន់ថា សម្ដេចត្រូវតែឆ្លើយតបជាជំហរដោយសំឡេងរបស់សម្ដេចផ្ទាល់ ហើយតំណាងឲ្យជាតិខ្មែរទាំងមូល ក្នុងការការពារផលប្រយោជន៍របស់ខ្មែរ៕