(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, លោកឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយជ្រំ និងលោក Yoon Young Joong តំណាង DK Lee’s Maternal & Child Health Center នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារ១ខ្នង ទំហំ៧ គុណ៣៦ម៉ែត្រ កម្ពស់៣ជាន់ ស្មើ១៦បន្ទប់ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រីតំណាងរាស្ត្រមណ្ឌលស្វាយរៀង ប្រតិភូអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ប្រតិភូ DK Lee’s Maternal & Child Health នៃសាធារណរដ្ឋកូរ៉េ លោក លោកស្រី ប្រធានមន្ទីរនានាក្នុងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល លោក លោកស្រី មេឃុំទាំង១៦ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោកអភិបាលខេត្ត បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នោះគឺអគារ១ខ្នង កម្ពស់៣ជាន់ ស្មើនឹង១៦បន្ទប់ គិតជាថវិកាសរុបប្រមាណជាង២៦ម៉ឺនដុល្លារ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ ក្រោមជំនួយឧបត្ថម្ភរបស់ DK Lee’s Maternal & Child Health Center នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈលោកឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ។

លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនស្ទើរលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ ដែលបានគិតគូដល់សុខុមាលភាពប្រជាពលរដ្ឋ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើនត្រូវបានស្ថាបនា និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលត្រូវបានពង្រាយ និងពង្រីកវិសាលភាពកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាក់ស្តែងបច្ចុប្បន្ននៅក្នុងខេត្តស្វាយរៀង មានមន្ទីរពេទ្យចំនួន៦កន្លែង មណ្ឌលសុខភាព៤៩កន្លែង និងប៉ុស្តិ៍សុខភាព២កន្លែង សម្រាប់បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។

លោក ប៉េង ពោធិ៍សា បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះហើយ ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកក៏បានផ្តាំផ្ញើដល់បុគ្គលិកពេទ្យទាំងអស់ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ប្រើប្រាស់កាយវិការទន់ភ្លន់ គួរសម សុភាពរាបសារ ជាមួយអ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ ទន្ទឹមនោះ ត្រូវយកចិត្តុទុកដាក់ចូលរួមពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាងកម្មវិធីមូលនិធិសមធម៌សុខាភិបាល សម្រាប់គ្រួសារងាយរងហានិភ័យ និងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជាដើម ដែលគ្រប់មូលដ្ឋានសុខាភិបាល គឺជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយនេះ។

ក្នុងនាមអាជ្ញាធរខេត្ត លោកអភិបាលខេត្ត បានថ្លែងអំណរគុណលោកឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និង DK Lee’s Maternal & Child Health Center ដែលបានចូលរួមចំណែកក្នុងការគាំទ្រ និងឧបត្ថម្ភដល់ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំនេះ ដែលអគារថ្មីនេះនឹងក្លាយជានិមិត្តរូបថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងនូវចំណងសាមគ្គីភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-កូរ៉េ៕