(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាអំពី ការពង្រឹងវិទ្យាស្ថានជាតិស្ថិតិ ពីព្រោះវិទ្យាស្ថាននេះ គឺជាស្នូលនៃការប្រមូលទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ។ វិទ្យាស្ថានជាតិស្ថិតិ ជាអង្គភាពមួយស្ថិតនៅក្រោមក្រសួងផែនការ។

ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្លូវការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះ ដោយកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDC) សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំយុទ្ធសាស្ត្រ សម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពដោយកាត់បន្ថយនូវផលប៉ះពាល់នានា ដែលអាចកើតមាន។

បើតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រទេសកម្ពុជាមានជំហររឹងមាំ អាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៧។

ជាមួយគ្នានោះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាលផ្នែកឯកជន រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនរៀបចំឯកសារ វាយតម្លៃអំពីវឌ្ឍនភាពនៃការងារបន្ទាប់ពីរាជរដ្ឋាភិបាល និងវេទិកាវិស័យឯកជន ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សំដៅដោះស្រាយបញ្ហានានា ជូនវិស័យឯកជន។ ឯកសារវាយតម្លៃនេះត្រូវដាក់ជូន សម្តេចធិបតី ក្នុងខែមិថុនាខាងមុខ៕