(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញការណែនាំឲ្យគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ ត្រៀមរៀបចំការងារសន្ដិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីធានាឲ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព។

ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែេមសា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្លូវការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ខ្លឹមសារណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់បែបនេះថា «សម្តេចធិបតី បានណែនាំឲ្យគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ត្រៀមរៀបចំការងារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព»។

សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ។ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង ដោយមានការិយាល័យបោះឆ្នោតចំនួន២០៩ការិយាល័យ និងអ្នកបោះឆ្នោត ១១,៦២២នាក់៕