(ភ្នំពេញ)៖ វេទិកាការងារ និងកម្មសិក្សាការងារ ពេញមួយថ្ងៃរបស់ NEA ដែលសហការរៀបចំជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២២៥នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនទាំង១៤។

ជាលទ្ធផល បេក្ខជនចំនួន ៧នាក់ បានសម្ភាសជាប់ជាស្ថាពរភ្លាមៗ និងបេក្ខជន ៧២នាក់ ផ្សេងទៀត បានសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយ ក្រុមហ៊ុនម្តងទៀត នាពេលឆាប់ៗខាងមុខនេះ។

នាឱកាសនោះដែរ កញ្ញា ចន្ធី លីមុំ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ឆ្នាំទី៣ បានលើកឡើងថា វេទិកាការងារនេះ គឺពិតជាសំខាន់ណាស់សម្រាប់សិស្ស/និស្សិត ដែលពុំមានពេលដើរស្វែងរកការងារធ្វើ។ កញ្ញា លីមុំ ពិតជាសូមអរគុណចំពោះ NEA ដែលបានរៀបចំវេទិកាការងារនេះឡើង នឹងសូមជំរុញឱ្យខាង NEA រៀបចំវេទិកាការងារនេះ ឱ្យបានញឹកញាប់បន្ថែមទៀតផងដែរ។

ជាមួយគ្នានេះដែរ កញ្ញា វាសនា យ៉ានុត ជានិស្សិតកំពុងសិក្សាជំនាញគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបរាបថា វេទិកាការងារនេះ ពិតជាល្អខ្លាំងណាស់ ព្រោះបានចំណេញទាំងថវិកា និងពេលវេលា ពិសេសអាចបង្កើតជម្រើសជាច្រើនដល់អ្នកស្វែងរកការងារឱ្យបានជួបជាមួយក្រុមហ៊ុន ដែលមកចូលរួមក្នុងវេទិកាការងារនាថ្ងៃនេះផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនដែលបានចូលរួមក្នុងវេទិកាការងារ និងកម្មសិក្សានាថ្ងៃទី២៥ មេសាម្សិលមិញរួមមាន៖ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។

បន្ថែមពីនេះទៀត ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕