(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងដើម្បីលើកស្ទួយជីវភាពកាន់តែប្រសើរឡើង ចំនួន៣ភូមិ ជូនប្រជាពលរដ្ឋ។

ពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន៣ភូមិនេះ ក៏មានការចូលរួមពីមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ប្រធាន អនុប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខណ្ឌ លោកចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត និងបានធ្វើឡើងនៅក្នុងបរិវេណវិហារម៉ាស្ចិតនូរុនណាអ៊ីម គីឡូម៉ែត្រលេខ៨ ភូមិក ភូមិឃ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន នៅក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ បានបង្ហាញនូវការអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបាននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុរបស់ខ្លួន។ លោកអភិបាលខណ្ឌ បានលើកឡើងថា ការផ្តល់ជូនវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូននាពេលនេះដែរ គឺធានាបានភាពកក់ក្តៅ សុវត្ថិភាពដីធ្លី សិទ្ធិកាន់កាប់ដីធ្លីពេញលេញ ជាពិសេស ជាភស្តុតាង សម្រាប់ការពារជៀសវាងពីការរំលោភបំពាន និងទំនាស់ដីធ្លីកើតមានឡើង។

លើសពីនេះ លោក ជិន ប៊ុនធឿន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូចខាត បណ្ដាលឲ្យបាត់ផ លប្រយោជន៍ ក្នុងការប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ហើយនឹងសូមថ្លែងអំណរគុណដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ជាពិសេសដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់កាលទី១ ក្នុងគោលដៅកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតសំខាន់លើ «ប្រសិទ្ធភាពសមិទ្ធកម្ម» ព្រមទាំងបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្ររាជធានីរបស់យើង ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយណា ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន៕