(ភ្នំពេញ)៖ នៅមុននេះបន្តិច វេលាម៉ោងប្រមាណ ២៖១៥នាទីរសៀលថ្ងៃទី០៩ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាផ្តន្ទាទោសលោក​ កឹម សុខា រយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះរឿងក្តីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃសាលាដំបូងរាជធានីភ្នំពេញ ថ្លែងបញ្ជាក់យ៉ាងដូច្នេះប្រាប់អង្គភាព Fresh News ។ ចៅក្រម កែវ មុនី បានប្រកាសថា សាលក្រមនេះ​ ប្រកាសចាត់ទុកជាចំពោះមុខ

លោក លី សុផាណា បានបញ្ជាក់យ៉ាងដូច្នេះថា «លោក កែវ មុនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មោះ កឹម សុខា ដាក់ពន្ធនាគារកំណត់ ៥ ខែ និងពិន័យ ៨ សែនរៀល ពីបទបដិសេធក្នុងការចូលខ្លួន តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ»។

ការប្រកាសសាលក្រមដាក់ទោសលោក កឹម សុខា នៅពេលនេះ ធ្វើឡើងបន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួនបំភ្លឺ ក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» ដែលជាបណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចំនួនពីរលើករួចមកនោះ។

សូមជំរាបថា សវនាការជំនុំជម្រះក្តីលោក កឹម សុខា នាព្រឹកថ្ងៃទី០៩ ខែកញ្ញានេះមាន លោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ មាន លោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងលោក វ៉ែន សំអាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ៕