(បន្ទាយមានជ័យ)៖​​ លោក​ ឈើយ​ ចាន់ណា​ អតីតប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​​​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ត្រូវបាន​ប្រកាសចូលកាន់តំណែងជាអភិបាលរង ខេត្ត​បន្ទាយមានជ័យ​។ ពិធីប្រកាសតំណែងនេះ ធ្វើឡើងក្រោមវត្តមាន ​​លោក​​ សក់​ សេដ្ឋាន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ តំណាង​​សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ លោក សួន បវរ អភិបាលខេត្ត ព្រមទាំងមន្ដ្រីរាជការ ជាច្រើននាក់ផងដែរ។​

​​លោក​  សួន​ បវរ​ អភិបាលខេត្តបន្ទាយមានជ័យ​ បានថ្លែងអំណរគុណ​ដល់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត​ ក្នុងការ​ប្រគល់​តំណែង​ជូនលោក​ ឈើយ​ ចាន់ណា​ ជាអភិបាលរងខេត្ត​បន្ទាយមានជ័យ​ ដើម្បីបានចូលរួមចំណែក​ ក្នុងការ​បំពេញ​កិច្ចការ​បម្រើ​ជាតិ​មាតុភូមិ​ និង​ប្រជាពលរដ្ឋ​។​ លោកអភិបាលខេត្ត ​ក៏បានបង្ហាញពីស្ថានភាពទូទៅ​ របស់ខេត្ត ដែលបាន​នឹង​កំពុង​ធ្វើការ​អភិវឌ្ឍ​លើគ្រប់វិស័យ​ ពិសេសបានប្រែក្លាយតំបន់​ព្រំដែន​ ឲ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច​ និងពាណិជ្ជកម្មដ៏​មានសារៈសំខាន់​ ក្នុងការ​ដោះដូរ​ ទំនិញជូនប្រជាពរដ្ឋ​ នៃខេត្តជាប់ព្រំដែន។

​លោក ​សក់​ សេដ្ឋាន​ ក៏បានវាយតម្លៃខ្ពស់​ ចំពោះរដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ លើការ​សហការ​បំពេញភារកិច្ច​ការងារ​បានល្អ​ ធ្វើឲ្យ​ខេត្តមានការអភិឌ្ឍន៍​លើគ្រប់វិស័យ​។ លោក​សូមឲ្យលោក​អភិបាលរងខេត្ត​ថ្មី​ ដែល​ត្រូវបាន​ប្រកាសចូលកាន់តំណែង​ថ្ងៃនេះ​ ធ្វើយ៉ាងណាបំពេញ​ភារៈកិច្ច​ការងារ​ឲ្យបានខ្ជាប់ខ្ជួន។  

​ជាមួយគ្នានោះដែរ លោក​ ឈើយ​ ចាន់ណា​ អភិបាលរងខេត្ត​ ទើបប្រកាសចូលកាន់តំណែង​ បានធ្វើការថ្លែងអំណរគុណ​ដល់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ ដែលបាន​ប្រគល់តំណែងជាអភិបាលរងខេត្ត​បន្ទាយមានជ័យ​ ហើយលោកបាន​ប្តេជ្ញាចិត្តយ៉ាងមុតមាំង​ បំពេញភារៈកិច្ច​ ដែលរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានដាក់ជូន៕